បាត់ដំបង ៖ បុរសវ័យកណ្តាលម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម ខណៈដែលបុរសរូបនេះបានបើកបរខ្វះការប្រុងប្រយ័ត្នដោយតែការឡើងជែងមិនបានមើលមុខមើលក្រោយ ធ្វើអោយភ្លាត់ស្នៀតទំនងប៉ះដៃចង្កូតខ្ទាតចូលក្រោមកង់រថយន្តតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងក្រុមទី ៦ ភូមិ ពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្ដម៉ាក FUSO ពាក់ស្លាកលេខ កំពង់ធំ 3A-1178 ជាមួយនឹង ម៉ូតូ ម៉ាកឌ្រីម ក្នុងទិសដៅស្របគ្នា ដែលបង្កអោយរថយន្ត បុកអូសភាគីម៉ូតូរាប់សិបម៉ែត្រធ្លាយខួរស្លាប់ភ្លាម។
តាមការរៀបរាប់ពីសមត្ថកិច្ចបានអោយដឹងថា តាមការសិក្សានិងពិនិត្យទៅលើភិនភាគជាក់ស្តែងគឺអាចសន្និដ្ឋានបានថា ម៉ូតូនិងរថយន្តមានទិសដៅស្របគ្នា លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ម៉ូតូទំនងជាឡើងជែងរថយន្តធំនោះ ហើយក៏ប្រហែលជាប៉ះចង្កូតទៅនឹងអ្វីមួយ ទើបធ្វើអោយភាគីម៉ូតូខ្ទាតចូលទៅក្រោមកង់រថយន្តដែលខ្លួនបានឡើងជែងហើយក៏ត្រូវរថយន្តនោះកិនអូសរាប់សិបម៉ែត្រធ្លាយខួរស្លាប់ភ្លាម ។
ក្រោយពេលកើតហេតុអ្នកបើលបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់តែមធ្យោបាយបង្កនិងសពដេកស្តូកស្តឹងក្នុងសភាពផ្ទុះខួរនិងមានឈាមខ្ចាយពេញផ្លូវដោយជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ម៉ន សុម៉ែន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅស្រុកពន្លៃ ខេត្តកំពង់ឆ្នាំង ដោយបច្ចុប្បន្នមធ្យោបាយទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋានបញ្ជូនទៅអោយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរក្សាទុកដោះស្រាយតាមផ្លូវច្បាប់ ដោយឡែកសព ក៏កំពុងរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕