ភ្នំពេញ ៖ ជនជាតិ វៀតណាម ១២នាក់ដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំងការដ្ឋានបូមខ្សាច់ សង្កាត់ស្វាយប៉ាក និងច្រាំងចំរេះ ខណ្ឌឫស្សីកែវ ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនៅអគ្គនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្ត នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។
លោកអនុសេនីយន៍ឯក ឌី គឹមហេង ជានាយរងការិយាល័យបានឲ្យដឹងថា ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌឫស្សីកែវ នឹងមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យជនបរទេស នៅសង្កាត់ស្វាយប៉ាក និងច្រាំងចំរេះ ។ ជាលទ្ធផល ពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន ១២នាក់ (ស្រី០៥នាក់) គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕