ពោធិ៍សាត់ ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២និង៤០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ឡុច សុវណ្ឌរ៉ា ស្នងការខេត្តដឹកនាំអនុវត្តផ្ទាល់ដោយលោក វរសេនីយ៍ត្រី ពៅ ស៊ីផាន់ នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានបង្ក្រាបជាក់ស្តែងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នៅចំណុចផ្ទះឈ្មោះ បៀរ សារ៉េន ស្ថិតក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ត្រី ជុន ថារិទ្ធ ស្នងការរងខេត្តបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់រួមមានទី១-ឈ្មោះ បៀរ សារ៉េន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទី២-ឈ្មោះ ភាណ សុភមាល ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣-ឈ្មោះ ទាវ ចាន់វីរៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
វត្ថុតាងដកហូតរួមមានៈ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៧កញ្ចប់ ទម្ងន់សរុប៣,៩២ក្រាម, ម៉ូតូមួយគ្រឿង, ទូរស័ព្ទដៃ ២គ្រឿង, ឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕