កណ្តាល ៖ មុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកពញាឮ ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៩និង៣០នាទី នៅចំណុចភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្អាងបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់រួមមានទី១- ឈ្មោះ សយ សារ៉េត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងដែក មានទីលំនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល, ទី២- ឈ្មោះ សឿន ធឿន ហៅទុយ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងដែក ទីលំនៅភូមិ ក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងទី៣- ឈ្មោះប៉ុល ស្រីប៉ ហៅពៅ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរត់តុៗ ទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមានៈ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (Ice ) ចំនួន០៤ កញ្ចប់តូច, ទូរស័ព្ទ មួយគ្រឿងម៉ាកcamfone, ឧបករណ៍វេចខ្ចប់ និងប្រើប្រាស់មួយចំនួន។
សមត្ថកិច្ចបានបន្តថា កម្លាំងផ្នែកជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានឈ្មោះខាងលើ ធ្វើសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចផ្ទះជួលកន្លែងកើតហេតុ។ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដែក បានចុះដល់កន្លែងកើតហេតុ ឃើញជនសង្ស័យទាំងបីនៅជាមួយគ្នាក៏បានបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ និងវត្ថុតាងខាងលើ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សយ សារ៉េត បានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកជួញដូរ បានទិញពីម្តុំផ្សារស្វាយប៉ាក ពីជនមិនស្គាស់ឈ្មោះ ឡើងទិញម្តងចំនួន៥កញ្ចប់តូចយកមកលក់បន្តឲ្យគេ ក្នុងមួយកញ្ចប់តូចតម្លៃ៣០០០០រៀល។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕