ក្មេងស្រីអាយុ១២ឆ្នាំម្នាក់រអិលជើងធ្លាក់ចូលស្រះទឹក បណ្តាលឲ្យលង់ស្លាប់

14-December-2017 | ដោយ ពលមនសិការ

ពោធិ៍សាត់ ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់លង់ទឹកស្លាប់ ពួកគេមានគ្នា៣នាក់ដើរចាប់ត្រីតាមវាលស្រែ ខណៈពេលចាប់ត្រីបានរៀងៗខ្លួនជនរងគ្រោះនិងមិត្ត​ភក្តិក៏ដើរមកលាងខ្លួននៅចំណុចស្រះទឹករបស់បងស្រីឈ្មោះ ហួន ស្រីអូន ជនរងគ្រោះរអិលជើងធ្លាក់ចូលស្រះទឹកពីរនាក់តែហែលរួចម្នាក់ស្លាប់ម្នាក់នៅក្នុងទឹកស្រះនោះ។ ឧបទ្ទវហេតុកើតឡើងនៅវេលាម៉ង១៣និង៣៥នាទីរសៀលថ្ងៃពុធ១០រោជ ខែមិគសិរឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០១៧ ស្ថិតក្នុងភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមការរៀបរាប់របស់បងស្រី សាន ណយ ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ថេន ស្រីនិច បានប្រាប់សមត្ថកិច្ចឲ្យដឹងថាមុនពេលកើតហេតុ កូនស្រីរបស់គាត់ខណៈពេលទំនេរពីការសិក្សាជនរងគ្រោះថេន ស្រីនិចតែងតែបានបបួលកូនអ្នកស្រុកទៅចាប់ត្រីតាមវាលស្រែ ចៃដន្យអាក្រក់ថ្ងៃកើតហេតុជនរងគ្រោះបានរអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលឲ្យស្លាប់។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះនិងបក្សពួករបស់ក្មេងរងគ្រោះចាប់ត្រីបានហើយក៏បបួលគ្នាមកលាងខ្លួននៅចំណុចស្រះខាងលើខណៈឃើញក្មេងរងគ្រោះធ្លាក់ទឹកស្រះមានក្មេងម្នាក់ក៏រត់ទៅប្រាប់ឪពុកម្តាយឲ្យទៅជួយស្រង់កុមាររងគ្រោះកំពុងលង់ទឹក លុះឪពុកម្តាយទៅដល់ចំណុចកើតហេតុក៏ចុះរាវរកកូនរបស់ខ្លួនក៏ប្រទះឃើញកុមាររងគ្រោះស្លាប់បាត់ជីវិតនៅក្នុងទឹកស្រះនោះទៅហើយ។

 សមត្ថកិច្ចនគរបាលជំនាញលោកវរសេនីយ៍ត្រីជា អារុណ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកបាកានបានអះអាងថាកុមាររងគ្រោះឈ្មោះថេន ស្រីនិចពិតជាលង់ទឹកស្រះស្លាប់មែន ក្រោយពីបានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញសាកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារតាមប្រពៃណី៕

ចំនួនអ្នកទស្សនា

    20632567

  • ថ្ងៃនេះ8441
  • ម្សិលមិញ10851
  • សប្តាហ៍នេះ74961
  • ខែនេះ190111
  • ឆ្នាំនេះ190111
  • សរុប20632567