ប្រទេសថៃ ៖ កម្លាំងចម្រុះថៃបានឃាត់ខ្លួនពលករខ្មែរចំនួនពីរនាក់ ក្នុងចំណោមគ្នីគ្នាសរុបប្រមាណជាង២០នាក់ រួមជាមួយនឹងវត្ថុតាងមួយចំនួនផងដែរ ខណៈដែលពួកគេទាំងអស់គ្នាកំពុងជញ្ជូនឈើគ្រញូងចេញពីក្នុងព្រៃដែលជាតំបន់ហាមឃាត់ ។
យោងតាមរបាយការណ៍ដែលយើងទទួលបានពីភាគីថៃបានឲ្យដឹងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីទទួលបានព័ត៌មានស្តីពីការលបលួចចូលកាប់ឈើគ្រញូងរួចមក កម្លាំងចម្រុះដែលមានទាហានឈុតខ្មៅ ក្រុមទី១៣ អង្គភាពរដ្ឋបាលព្រៃឈើ កម្លាំងអភិរក្សសត្វព្រៃ ស្រុកខ្លងហាតខេត្តស្រះកែវ បានធ្វើការជាមួយជំនាញស្រុកថាតាក់កៀបខេត្តឆាក់ឈើងសៅ បានចុះទៅកាន់តំបន់អភិរក្សសត្វព្រៃ ភ្នំអាងឬណៃ ស្ថិតក្នុងចំណុចព្រៃចែក ក្នុងភូមិ២៥ ឃុំខ្លងតាក់ក្រៅ ស្រុកថាតាក់កៀប ដែលនៅក្នុងតំបន់ព្រំប្រទល់ខេត្តស្រះកែវ និងខេត្តឆាក់ឈើងសៅ ប្រទេសថៃ ។
នៅទីនោះកម្លាំងចម្រុះទាំងពីរខេត្ត បានប្រទះឃើញមនុស្សមួយក្រុម ដែលពួកគេកំពុងសម្រាកនៅលើគំនរឈើគ្រញូងជាច្រើនផ្ទាំង ទើបកម្លាំងសម្រុកចូលចាប់ពួកគេប៉ុន្តែគឺបានតែពីរនាក់ប៉ុណ្ណោះ ដែលជាជនជាតិខ្មែរ ក្រៅពីនេះពួកគេបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោលតែម្តង។
ជនសង្ស័យទាំងពីរនាក់ដែលក្រុមចម្រុះថៃចាប់ខ្លួនបានសារភាពថា ពួកគេនឹងបក្ខពួកសរុបចំនួន២១នាក់ បានលបឆ្លងដែនតាមច្រកមួយចំនួនក្បែផ្សាររោងក្លឿ ស្រុកអារញ្ញហើយត្រូវបានជនជាតិថៃចំនួនពីរនាក់ ជាអ្នកនាំផ្លូវចូលទៅតាមចំណុចខ្លងឧត្តម ឃុំវ៉ាំងថង ស្រុកវ៉ាំងសំបូរណ៍ ខេត្តស្រះកែវ ដើម្បីស៊ីឈ្នួលកាប់ឈើគ្រញូង លុះពេលចេញមកវិញក៏ត្រូវថៃចាប់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមជាមួយនឹងឈើគ្រញូងចំនួន ៣០ ផ្ទាំង ត្រូវបានកម្លាំងជំនាញនាំយកទៅកាន់ស្នាក់ការរបស់គេដើម្បីធ្វើការសាកសួរបន្ត ៕