បាត់ដំបង ៖ លោកវរសេនីយ៍ទោ ស៊ាន សុណាល់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ថា កម្លាំងជំនាញបានសហការជាមួយកម្លាំងអធិការនិងប៉ុស្តិ៍នគរបាលរដ្ឋបាល បង្ក្រាបគ្រឿងញៀន ២ករណី។
ករណីទី១-កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦និង១០នាទី នៅចំណុចក្រុមទី៣៥ ភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ ក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិបង្ក្រាបករណីជួញដូរគ្រឿងញៀនហាមឃាត់ខុសច្បាប់ មួយករណី ក្នុងបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុន សាង៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្រុមទី៣៥ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមានៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៥ថង់ ទម្ងន់ ៤,២២ក្រាម, កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១និងថង់រំលែកថ្នាំញៀនលក់មួយចំនួន។
ករណីទី២៖កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦និង១០នាទី នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្ត្រា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានចុះប្រតិបត្តិការបង្ក្រាបបានករណីរក្សាទុកគ្រឿងញៀនហាមឃាត់ខុសច្បាប់ មួយករណី ក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ បានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ថេង ស៊ីងួន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅភូមិ-ឃុំខាងលើ។
ដកហូតវត្ថុតាងរួមមានៈ ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ផ្កាឈូក មានអក្សរបរទេសលើគ្រាប់ថ្នាំ សញ្ញា WY សង្ស័យមានសាធាតុញៀនចំនួន ១៥គ្រាប់, ទូរស័ព្ទដៃម៉ាកហៃយ៉ា មួយគ្រឿង, ឧបករណ៍ប្រើប្រាស់ និង វេចខ្ចប់គ្រឿងញៀន មួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕