បាត់ដំបង ៖ ជនសង្ស័យចំនួន៤នាក់ ដែលក្នុងនោះមានម្នាក់ ត្រូវជាក្មួយបង្កើតរបស់លោកមេឃុំ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងហើយ កាលពីម្សិលមិញនេះបន្ទាប់ពីពួកគេបានប្រព្រឹត្តនូវករណីលួចគាស់បង្អួចកុដិរបស់ព្រះសង្ឃដើម្បីលួចរបស់របរយកទៅដាក់បញ្ចាំរួចមក ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ ត្រង់ចំណុចកុដិព្រះសង្ឃ ព្រះនាម ផាត តាំង ព្រះជន្ម ១៩ វស្សា បន្ទាប់ពីពួកគេបានធ្វើសកម្មភាពកាលពីវេលាម៉ោង៦យប់ ថ្ងៃ ខែ ខាងលើ ដោយបានលួចយកទូរស័ព្ទដៃទំនើបមួយគ្រឿង យកទៅបញ្ចាំនៅក្រុងបាត់ដំបងដើម្បីចែកលុយគ្នា។
ជនសង្ស័យទាំងនោះមានទី១- ឈ្មោះ ខុម ខុន ភេទប្រុស អាយុ៣៦ឆ្នាំ ទី២- ឈ្មោះ សុង គឹមស៊ាង ភេទប្រុស អាយុ២១ឆ្នាំ ទី៣- ឈ្មោះ លី ឆៃយ៉ា ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំង៣រស់នៅភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ និង៤- ឈ្មោះ កាន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជាជនដៃដល់ រស់នៅភូមិស្វាយប្រគាប ឃុំឈើទាលស្រុកបាណន់ក្នុងចំណោមពួកគេទាំង៤នាក់ គឺមានម្នាក់ជាក្មួយបង្កើតរបស់លោកមេឃុំបាយដំរាំផងដែរ ។
លោកអធិការរង ថោង ធិន បានបញ្ជាក់ថាក្រោយពីទទួលបាននូវចម្លើយសារភាពរបស់ក្រុមចោរទាំងនាក់រួចមកកម្លាំងជំនាញរបស់លោក បានកសាងសំណុំរឿង និងបញ្ជូនខ្លួនពួកគេទៅកាន់សាលាដំបូងខេត្តហើយ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕