ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ផ្ទះ​ និង​ទ្រព្យសម្បត្តិ​ អស់យ៉ាង​សន្ធឹកសន្ធាប់​

18-December-2017 | ដោយ ពលមនសិការ

បាត់ដំបង​ ៖​ លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ ដែល​សង់​អំពី​ថ្ម​ក្រោម​ ឈើ​លើ​ ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ស្ទើរ​ទាំងស្រុង​ តែ​មួយ​ប៉​ព្រិច​ភ្នែក​ ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅ​ ព្រមទាំង​បាន​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​ផង​ដែរ​ ខណៈ​ដែល​មានការ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ ធ្វើ​អោយ​អណ្តាតភ្លើង​ចាប់ផ្តើម​ឆាបឆេះ​តែ​ម្តង​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ នៅ​វេលា​ម៉ោង​៨​ និង​ ២០​ នាទី​ព្រឹក​ ថ្ងៃ​ទី​ ១៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ ត្រង់​ចំណុច​ភូមិ​អូរ​ ឃុំ​សន្តិភាព​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ដែល​អគ្គី​ភ័យ​នេះ​ បាន​ឆាបឆេះ​ទៅ​លើ​លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ដែល​មាន​ទំហំ​ ៧,៥០​ ម៉ែត្រ​ គុណ​នឹង​១៣​ម៉ែត្រ​ធ្វើ​អំពៅ​ថ្ម​ក្រោម​ ឈើ​លើ​ និង​ជា​កម្មសិទ្ធិ​របស់​លោក​ សាន់​ ហៃ​ អាយុ​៤០​ឆ្នាំ​ មុខរបរ​រត់​តាក់ស៊ី​ និង​ ប្រពន្ធ​ឈ្មោះ​ ឡី​ លាប​ អាយុ​៣៨​ឆ្នាំ​ ។​

​តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ​ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គឺ​ប្តី​របស់​គាត់​បាន​ចេញ​ទៅ​រត់​តាក់ស៊ី​ជា​ធម្មតា​ រីឯ​គាត់​ក៏​បាន​ចេញ​ទៅ​ផ្សារ​ដោយ​បាន​បិទទ្វារ​ផ្ទះ​ និង​ចាក់សោរ​ថែម​ទៀត​ដោយសារ​តែ​គ្មាន​អ្នក​នៅ​មើល​ ប៉ុន្តែ​ក្រោយមក​ក៏​បាន​ទទួល​ដំណឹង​ថា​ ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទី​អស់​ទៅ​ហើយ​។​

​នៅ​ពេល​នោះ​ដែរ​ គេ​ស​ង្គេ​ត​ឃើញ​ខាង​អាជ្ញាធរ​ សមត្ថកិច្ច​ទាំង​ពីរ​អង្គភាព​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​ ដែល​មក​ពី​អធិការដ្ឋាន​ស្រុក​ប​វេ​ល​ ស្រុក​ភ្នំព្រឹក​ និង​រថយន្ត​របស់​ភាគី​ថៃ​មួយ​គ្រឿង​ផង​ដែរ​ ដែល​បាន​ចូល​ទៅ​ជួយ​ពន្លត់​ និង​បាញ់​ទប់ស្កាត់​ការ​
​រាលដាល​ទៅ​លើ​ទីតាំង​ដទៃ​ ។​

​សម្ភារៈ​ និង​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ដោយសារ​អគ្គី​ភ័យ​នេះ​រួម​មាន​ ប្រាក់​ដុល្លា​ ចំនួន​៥​ ៨០០​ ដុល្លារ​ ប្រាក់​បាត​ អស់​ចំនួន​ ៣២០​ ០០០​ បាត​ ប្រាក់​ខ្មែរ​អស់​ចំនួន​ ៤​ លាន​រៀល​និង​សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​ធំ​ទៀត​ ដោយ​បច្ចុប្បន្ន​ ម្ចាស់ផ្ទះ​បាន​ត្រឹមតែ​ឈរ​សម្លឹង​មើល​ផ្ទះ​របស់​ខ្លួន​ដែល​បាន​ក្លាយជា​ផេះ​ផង់​ ទាំង​ទឹកភ្នែក​តែ​ប៉ុណ្ណោះ​៕​ 


ចំនួនអ្នកទស្សនា

    20632747

  • ថ្ងៃនេះ8621
  • ម្សិលមិញ10851
  • សប្តាហ៍នេះ75141
  • ខែនេះ190291
  • ឆ្នាំនេះ190291
  • សរុប20632747