បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ១៧នាក់ ត្រូវបានអាជ្ញាធរថៃឃាត់ចោទប្រកាន់លួចម៉ាស៊ីនភ្លើងហើយភាគីកម្ពុជាឃាត់រថយន្តថៃ៨គ្រឿង ដែលកើតឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្បែព្រំដែនក្នុងទឹកដីថៃក្នុងភូមិណងចាក់កែវ ឃុំគោកស៊ូង ស្រុកគោកធ្យូង ខេត្តស្រះកែវ។
ក្រោយពេលដែលភាគីថៃឃាត់ប្រជាពលរដ្ឋខ្មែរចំនួន១៧នាក់ស្រី៥នាក់ និងម៉ូតូ១៣គ្រឿង គឺភាគីកម្ពុជាមានលោកវរសេនីយ៍ត្រី អ៊ិន ផល មេបញ្ជាការកងល្បាតលេខ២ បញ្ជាការយោធារវរៈការពារព្រំដែនលេខ៥០៣ រួមជាមួយកម្លាំងនគរបាលព្រំដែនគោកលេខ៩១១ បានទៅជួបដោះស្រាយភាគីថៃហើយត្រូវបានដោះលែងប្រជាពលរដ្ឋខ្មែរចំនួន១៧នាក់ តែអាជ្ញាធរថៃបានឃាត់ទុកម៉ូតូចំនួន១៣គ្រឿង នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧។
លោកវរសេនីយ៍ត្រី អ៊ិន សុផល បានបញ្ជាក់ថា៖មូលហេតុដែលភាគីថៃឃាត់ប្រជាពលរដ្ឋចំនួន១៧នាក់ និងម៉ូតូ១៣គ្រឿងនេះគឺភាគីថៃបានចោទប្រជាបលរដ្ឋខ្មែរលួចម៉ាស៊ីនភ្លើងថៃមួយគ្រឿង ទើបបណ្តាលឃាត់ប្រជាពលរដ្ឋខ្មែរដើម្បីជាថ្នូរកម៉ាស៊ីនភ្លើងដែលបាត់។
លោកបានបញ្ជាក់ថា៖ប្រជាពលរដ្ឋខ្មែរចំនួន១៧នាក់ដែលភាគីថៃឃាត់ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានខ្លះចូលទៅដីថៃរកការងារធ្វើទៅព្រឹកវិលល្ងាចនិងខ្លះចូលទៅរកទិញម្ហូបចេញចូលតាមច្រករបៀងតំបន់៥ ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយត្រូវបានភាគីថៃឃាត់ប្រជាពលរដ្ឋខ្មែរ១៧នាក់ និងម៉ូតូ១៣គ្រឿង។ ក្រោយពេលឃាត់ភាគីកម្ពុជាមានកម្លាំងយោធារវរៈការពារព្រំដែនលេខ៥០៣ និងនគរបាលការពារព្រំដែនគោកលេខ៩១១ បានចូលជួបពិភាក្សាដោះស្រាយហើយភាគីថៃបានដោះលែងប្រជាពលរដ្ឋខ្មែរដែលឃាត់១៧នាក់ តែម៉ូតូ១៣គ្រឿង មិនទាន់ដោះលែងមកវិញនៅឡើយទេ។
លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន បញ្ជាការយោធារវរៈការពារព្រំដែនលេខ៥០៣ បានបញ្ជាក់ថា៖ក្រោយពេលភាគីថៃឃាត់ប្រជាពលរដ្ឋខ្មែរ១៧នាក់ និងម៉ូតូ១៣គ្រឿងគឺភាគីថៃចោទខ្មែរលួចម៉ាស៊ីនភ្លើងនៅចំការក្បែរព្រំដែនស្ថិតភូមិសាស្ត្រទឹកដីថៃក្នុងភូមិណងចាក់កែវ ឃុំគោកស៊ូង ស្រុកគោកធ្យូង ខេត្តស្រះកែវ។
វាជារឿងអយុត្តិធម៌ពេកបាត់ម៉ាស៊ីនភ្លើងចោទប្រជាពលរដ្ឋខ្មែរពេលនេះកម្លាំងបានចូលជួបដោះស្រាយអោយដោះលែងប្រជាពលរដ្ឋខ្មែរមកសិនចំណែកម៉ូតូនិងដោះស្រាយតាមក្រោយ។ចំពោះប្រជាពលរដ្ឋដែលឃាត់រថយន្តថៃចូលដឹកអង្កាមចំនួន៨គ្រឿង ក្នុងទឹកដីកម្ពុជាស្ថិតក្បែរច្រកព្រំដែនតំបន់៥គឺប្រជាពលរដ្ឋសំណូមពរដោះលែងប្រជាពលរដ្ឋខ្មែរហើយប្រគល់ម៉ូតូ១៣គ្រឿងទើបដោះដោះលែងរថយន្តដែលឃាត់ទោះជាយ៉ាងណាក្តីក្នុងសមត្ថកិច្ចត្រូវរកដំណោះស្រាយជូនមិនអោយមានទំនាស់កើតឡើង ៕