ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ អ៊ិត ពិសិដ្ឋរង្សី ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មេធាវី ទីលំនៅផ្ទះលេខ ៥៨៣ ផ្លូវ ១០-១៩ សង្កាត់ ភ្នំពេញ ខណ្ឌសែនសុខ ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនពាក់ព័ន្ធករណីបាញ់បោះសេរីបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច ផ្លូវ ២១៧ កែង២១១ ភូម៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។
លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការខណ្ឌ៧មករាបានឲ្យដឹងថាវត្ថុតាងដកហូតរួមមានៈ អាវុធខ្លីម៉ាក GLOCK ACML 763 ពណ៌ ខ្មៅ ចំនួន មួយដើម, បង់ចំនួនមួយមានគ្រាប់ចំនួន១០គ្រាប់, សំបកគ្រាប់បាញ់ហើយចំនួន០២, ទូរស័ព្ទម៉ាកអាយហ្វូន៧ ពណ៌ខ្មៅ ចំនួន មួយគ្រឿង លេខ ០១៧ ៥១២ ១៤៦, ទូរស័ព្ទម៉ាកសាំងសុង ពណ៌ខ្មៅ ចំនួន មួយគ្រឿង លេខ ០៩០ ៩៦៦ ៦៦៧, បណ្ណកាន់អាវុធខ្លីចំនួន មួយសន្លឹក, ប្រាក់ ១,០០០,០០០៛ ( មួយលានរៀល ) រថយន្តម៉ាកឡិចស៊ិស៤៧០ ចំនួនមួយគ្រឿងពាក់ស្លាកលេខ 2AP-8254 ។
លោកអធិការបានបន្តថាជនរងគ្រោះមាន២នាក់រួមមានទី១- ឈ្មោះ លី តុលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិស្សិតសាលាច្បាប់ ទីលំនៅផ្ទះលេខ ៥៥១សេ ផ្លូវលេខ ៥ សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ ( រងរបួសមេជើងខាងស្តាំ ) ។ ទី២-ឈ្មោះ ខុន បញ្ចាសិទ្ធិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និស្សិតសាលាច្បាប់ ទីលំនៅផ្ទះលេខ ៣១បេសហ្សិត ផ្លូវ បេតុង ភូមិ អូគីដេ សង្កាត់ អូបែកក្អម ខណ្ឌ សែនសុខ។
លោកបានបន្ថែមថា នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានចេញពីហូបការ ដើម្បីជួបជុំមិត្តភ័ក្ត្រហូបបន្តទៀត នៅហាងលក់មីទា នៅចំណុចកើតហេតុខាងលើ ពេលនោះក៏មានទាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យបានចេញមកក្រៅដើរចូលក្នុងរថយន្តរួចដកអាវុធខ្លីបាញ់ឡើងលើចំនួន០២ គ្រាប់ ហើយត្រូវ សមត្ថកិច្ច ឃាត់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករាតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថតាងដកហូត កំពុងរក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ៕