ភ្នំពេញ ៖ មុខសញ្ញាចោរឆក់កាបូបលុយប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ខណ្ឌទួលគោកឃាត់ខ្លួនជាក់ស្តែង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ១៥៩ ផ្លូវ លេខ១៨២ ក្រុមទី២២ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ ហៅ ប៉ែត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកមានៈ ម៉ូតូមួយគ្រឿងម៉ាក Duke ពណ៌ខ្មៅ លាយស អត់ស្លាកលេខ មានលេខតួ 055155 លេខម៉ាស៊ីន 401105។ ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៧ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូរឺម៉កកង់បី ក្រោយកើតហេតុបានជិះចេញទៅបាត់ដោយពុំបានដាក់ពាក្យបណ្ដឹងទេ។
សមត្ថកិច្ចបានបន្តថាមុនពេលកើតហេតុជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៧ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូរឺម៉កកង់បីតាមបណ្ដោយផ្លូវលេខ១៨២ ពីកើតទៅលិច លុះពេលជនរងគ្រោះជិះម៉ូតូរឺម៉កកង់បីមកដល់ចំណុចមុខផ្ទះលេខ១៥៩ ផ្លូវលេខ១៨២ ក្រុមទី២២ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ ហៅ ប៉ែត និងបក្ខពួក០២នាក់ ទៀតឈ្មោះ អានា ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ អានាថ ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូចំនួន០២គ្រឿងម៉ាក Duke និងម៉ាក Honda C125 ស៊េរី២០១៨ ពណ៌ខ្មៅ ភ្លាមនោះជនសង្ស័យឈ្មោះ អានា ជាអ្នកបើកម៉ូតូ និងជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ ជាអ្នកជិះពីក្រោយ បានធ្វើសកម្មភាពជិះម៉ូតូមកអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះ ប៉ុន្តែត្រូវជនរងគ្រោះឃើញទាន់ក៏ស្រែកថាចោរៗ (ឆក់ពុំបានសម្រេច) ភ្លាមនោះត្រូវបានអ្នកដំណើរតាមផ្លូវជិះម៉ូតូដេញតាម ពីក្រោយជនសង្ស័យទាំង០៣នាក់ រហូតមកដល់ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទលគោក រាជធានីភ្នំពេញ ជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ ត្រូវបានឡានអ្នកដំណើរតាមផ្លូវជិះកៀរបណ្ដាលឲ្យដួលម៉ូតូ ពេលនោះត្រូវបានសមត្ថកិច្ចយើងធ្វើការល្បាតការពារសុវត្ថិភាព ក្នុងមូលដ្ឋានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ បានម្នាក់ និងវត្ថុតាងម៉ូតូDukeជិះធ្វើសកម្មភាព ចំណែកបក្សពួក០២នាក់ ទៀតបានជិះម៉ូតូHonda C125 ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ គេចខ្លួន បាត់ទៅ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ប្រាក់ សុវត្ថារិទ្ធ ហៅ ប៉ែត កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការ សាកសួរ និងស្រាវជ្រាវរកបក្សពួកបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕