ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី កម្លាំងនគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសង (កត់ឆ្នោតវៀតណាម) នៅចំណុចក្នុងផ្សារសែនសុខ ផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោកវរសេនីយ៍ ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមានទី ១-ឈ្មោះ លូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១២ ផ្លូវ២៤០ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងទី២-ឈ្មោះ នុត ទូច ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១២ ផ្លូវ២៤០ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សម្ភារ:ដកហូត ៖ ក្រដាសកត់ឆ្នោតមួយចំនួន, ទូរស័ព្ទដៃចំនួន០២គ្រឿង, ម៉ាស៊ីនគិតលេខចំនួនមួយគ្រឿង, លុយ រៀលចំនួន១៣៧,៣០០រៀល។
លោកអធិការបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការធ្វើការស្រាវជ្រាវដឹងថា នៅចំណុចខាងលើ មានការទទួលកត់ និងចាក់ ឆ្នោតវៀតណាម ភ្លាមនោះលោក វរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងជំនាញចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕