បាត់ដំបង ៖ បុរសម្នាក់ផឹកស្រាស្រវឹងបានប្រើអំពើហិង្សាវាយប្រពន្ធមានផ្ទៃពោះ២ខែដោយ ទាត់ប្រពន្ធ២ជើងអុកគូថវាយ១០ដៃថែមទៀត បណ្តាលឲ្យរលូតកូន រហូតស្លាប់ចោលកូនស្រីអាយុ១១ឆ្នាំម្នាក់ កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនល្មើសឈ្មោះ ធឿន សុភ័ក្ត្រ អាយុ៣៤ឆ្នាំ បន្ទាប់មកបានរងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកភ្នំព្រឹក បញ្ជូនទៅចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹកប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៧យប់ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានករណីហិង្សាបណ្តាលអោយមរណៈភាពបង្កឡើងដោយប្តី ឈ្មោះ ធឿន សុភ័ក្រ អាយុ៣៤ឆ្នាំ បានទាត់ និងវាយដោយដៃ ទៅលើប្រពន្ធ ឈ្មោះ ឡាយ សុខា អាយុ៣៥ឆ្នាំ ដែលមានផ្ទៃពោះប្រហែល២ខែ បណ្តាលអោយរងរបួសត្រូវមុខ និងខ្លួន រួចមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ទើបបានដឹងថារលូតកូន ហើយបានហៅពេទ្យមកព្យាបាលនៅនឹងផ្ទះ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩យប់ ទើបប្តីនិងអ្នកជិតខាងដឹងប្រពន្ធស្ត្រីរងគ្រោះស្លាប់។
លោកអធិការប្រាប់ឲ្យដឹងទៀតថា ក្រោយស្ត្រីរងគ្រោះស្លាប់នោះភ្លាមប្រជាពលរដ្ឋបានមកប្តឹងរាយការណ៍ដល់សមត្ថកិច្ច។ លោកក៏ដឹកនាំកម្លាំង ចុះទៅពិនិត្យសាកសពជនរងគ្រោះ និងបានឃាត់ខ្លួនជនសង្ស័យជាប្តី មកអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕