បន្ទាយមានជ័យ ៖ ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ រៀនថ្នាក់ទី៤ទៅរៀន ហូបចំណីបណ្តាលក្អួតចេញឈាមតាមមាត់និងច្រមុះសភាពធ្ងន់ធ្ងរបញ្ជូនដល់ពេទ្យស្លាប់នៅអំឡុងម៉ោង៩យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីស្រុកមង្គលបូរី។
ក្មេងស្រីដែលក្អួតចេញឈាមតាមមាត់និងច្រមុះស្លាប់មានឈ្មោះ ឈួង ស្រីហួយ អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាជ្រាប់ចាស់ ស្ថិតភូមិជ្រាប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ដែលមានម្តាយឈ្មោះ ស្លៀង សឿន អាយុ៣៧ឆ្នាំ ដែលរស់នៅជាមួយជីតាឈ្មោះ នួន ឈួង (ជាមេភូមិជ្រាប់ចាស់)។
តាមព័ត៌មានដឹងថា៖ក្មេងស្រីរងគ្រោះឈ្មោះ ឈួង ស្រីហួយ រៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាជ្រាប់ចាស់ រៀនពេលល្ងាចហើយមុនពេលដែលក្អួតចេញឈាមតាមនិងនិងច្រមុះស្លាប់នោះ គឺក្មេងស្រីដល់ម៉ោងចេញលេងបានទៅទិញ មី១កញ្ចប់តម្លៃ៥០០រៀលហូបហើយហូបស្ករកៅស៊ូហើយបេះផ្លែទឹកដោះគោជ្រលក់អំបិលមី។
ក្រោយហូបហើយភ្លាមៗក្មេងមានអាការៈក្អួតមិនឈប់នៅវេលាម៉ោង៤ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅសាលារៀន ហើយនាយកសាលាបឋមសិក្សាជ្រាប់ចាស់ដឹកជូនតាមម៉ូតូដល់ផ្ទះអោយជីតាឈ្មោះ នួន ឈួង (ជាមេភូមិជ្រាប់ចាស់)។
ក្រោយពេលជូនអោយលោកតាឃើញសភាពចៅស្រីក្អួតមិនបាត់បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ដាក់សេរ៉ូមឃើញថាក្មេងស្រីមានសភាពធ្ងន់បានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី គ្រូពេទ្យបានទទួលហើយព្យាបាលភ្លាមៗដោយឃើញថា៖ក្មេងស្រីក្អួតរហូតដល់ឈាមចេញតាមមាត់និងច្រមុះមានសភាពធ្ងន់បានធ្វើការព្យាបាលតាមការងារបច្ចេកទេស។
ទោះជាការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយក្មេងស្រីមានសភាពធ្ងន់ពេកបណ្តាលក្មេងស្រីស្លាប់ក្រោយពេលបញ្ជូនមកព្យាបាលដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ក្រោយកន្លះម៉ោងបានស្លាប់។
គ្រូពេទ្យបានបញ្ជាក់ថា៖ក្មេងស្រីដែលក្អួតចេញឈាមតាមមាត់និងច្រកមុះរហូតដល់ស្លាប់នេះតាមការពិនិត្យបណ្តាលមកពីពុលចំណីហើយគ្រូពេទ្យជួយសង្គ្រោះតែ ក្មេងស្រីមានសភាពធ្ងន់ធ្ងរពេកទើបបណ្តាលស្លាប់ ៕