ព្រៃវែង ៖ សពបុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញអណ្តែតនៅក្នុងស្រះទឹក សង្ស័យពាក់ព័ន្ធករណីមនុស្សឃាត កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិឫស្សីជូកទី១ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ឆន ឈាន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ដោយត្រូវជនសង្ស័យ វាយពីក្រោយចំក្បាលរបួសមួយកន្លែង ផ្នែកខាងក្រោយ មានប្រវែង៥សង្ទីរម៉ែត្រជម្រៅផុងលលាដ៍ក្បាល សង្ស័យមុខពូថៅ។
សមត្ថកិច្ចបានបន្តថាកាលពីរសៀលថ្ងៃទី២១ ជនរងគ្រោះបានចេញពីផ្ទះទៅមើលស្រះទឹករបស់ខ្លួន ដែលមានចម្ងាយប្រហែល១៥០០ម៉ែត្រ ខាងកើតភូមិកើតហេតុ ដោយមានកាន់ដងសន្ទួចមួយ និង គល់ឫស្សីពីងពង់ចំនួន២កំណាត់ នៅក្នុងដៃ។ លុះដល់ព្រឹកថ្ងៃទី២២ បងប្អូនប្រពន្ធកូនមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ក៏នាំគ្នាដើររក រហូតដល់ស្រះទឹកតែមិនឃើញជនរងគ្រោះ គឺឃើញតែដងសន្ទួច និងគល់ឫស្សីពីងពង់២កំណាត់ ដែលជារបស់ជនរងគ្រោះនៅលើមាត់ស្រះ។ លុះរហូតដល់រសៀលថ្ងៃដដែល ក្រុមគ្រួសារបាននាំគ្នាទៅពិនិត្យមើលនៅឯស្រះទឹកម្តងទៀតក៏ឃើញ សាកសពជនរងគ្រោះ អណ្តែកនៅក្នុងស្រះទឹក ។ ឃើញដូច្នេះ ក៏បានរាយការណ៍ មកលោកនាយប៉ុស្តិ៍។ ក្រោយពេល ដែលសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និង សមត្ថកិច្ចស្រង់ឡើងមកលើគោកដើម្បី ពិនិត្យ ឃើញថា នៅលើក្បាលរបស់សាកសព ផ្នែកខាងក្រោយ គឺមានឈាមនិងស្នាមរបួស។
បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះ ត្រូវបាន ក្រុមគ្រួសារយកទៅ រក្សាទុកនៅផ្ទះ ដើម្បីរងចាំសម្ថកិច្ចខេត្ត ចុះមកធ្វើ កោសលវិច្ច័យតាមនិវិធី ដើម្បីជាតម្រុយក្នុងការស្រាវជ្រាវរកជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ ៕