ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​សណ្ឋាគារ​សម្បត្តិ​ទិព្វ​ សង្ស័យ​បណ្តាល​មក​ពី​គាំងបេះដូង​

23-December-2017 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​០៤​និង​៣០​នាទី​ នៅ​សណ្ឋាគារ​សម្បត្តិ​ទិព្វ​ (​បន្ទប់​លេខ​៤០៨)​ ផ្លូវជាតិ​លេខ​១​ ភូមិ​ដើម​អំពិល​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​។​

​លោក​វរសេនីយ៍ទោ​ ម៉ៅ​ សឿ​ត​ អធិការរង​ខណ្ឌ​ច្បារ​អំពៅ​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ Zhang​ Biao​ ភេទ​ ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EA​ ៨៥៥១៨៩៦​ មុខរបរ​ចុងភៅ​ ស្នាក់​នៅ​ខុន​ដូរ​ ផ្លូវ​ម៉ៅ​សេ​ទុង​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​។​

​លោក​អធិការរង​បន្ត​ថា​ កាលពី​វេលា​ម៉ោង​០២​និង​២០​នាទី​ថ្ងៃ​ទី​២៣​ ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ រួច​ជិះ​ម៉ូតូ​កង់​បី​មក​យក​សង្សារ​ឈ្មោះ​ ង្វៀ​ង​ ធី​ង៉ុ​ក​ហាំ​ង​ នៅផ្ទះ​ជួល​ ភូមិ​ដើម​ស្លែង​ សង្កាត់​ ច្បារ​អំពៅ​២​ រួច​នាំ​គ្នា​មក​ដេក​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ ពេល​នោះ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ មិន​ស្រួលខ្លួន​ ចុក​ដើមទ្រូង​ និង​ក្អួត​ រួច​ឈ្មោះ​ង្វៀ​ង​ ធី​ង៉ុ​ក​ហាំ​ង​ ក៏​ហៅ​អ្នកគ្រប់គ្រង​សណ្ឋាគារ​ ឲ្យ​ជួយ​ហៅ​រថយន្ត​ពេទ្យ​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​ កាល់​ម៉ែត្រ​ ពេល​ទៅ​ដល់​គ្រូពេទ្យ​ពិនិត្យ​លើ​ជន​រង​គ្រោះ​រួច​ ប្រាប់​ថា​ស្លាប់​បាត់​ហើយ​ រួច​ក៏​ដឹក​សព​មក​តំកល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​។​

​តាម​ការ​ពិនិត្យ​របស់​ការិយាល័យ​ នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ រាជធានី​ភ្នំពេញ​ និង​ការ​ពិនិត្យ​របស់​ ឧក​ញា​វេជ្ជបណ្ឌិត​ ន​ង​ សុ​វ​ណ្ណា​រ័​ត្ន​ គ្រូពេទ្យ​កោសល​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​ បញ្ជាក់​ជំ​ហ៊ាន​ដំបូង​ថា​ ជន​រង​គ្រោះ​ស្លាប់​ ដោយសារ​គាំងបេះដូង​ និង​រង​ចាំ​លទ្ធផល​ធ្វើ​តេ​ស្តិ៍​ឈាម​ បន្ត​ទៀត​។​

​បច្ចុប្បន្ន​ សព​តំកល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ រង​ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ចំនួនអ្នកទស្សនា

    20633747

  • ថ្ងៃនេះ9621
  • ម្សិលមិញ10851
  • សប្តាហ៍នេះ76141
  • ខែនេះ191291
  • ឆ្នាំនេះ191291
  • សរុប20633747