បាត់ដំបង ៖ គ្រាប់កាំភ្លើងត្បាល់ ទំហំ៨២មីល្លីរម៉ែត្រប្រមាណជាង៤០គ្រាប់ ដែលអាចប្រល័យជីវិតមនុស្សបាន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅជាយភូមិ ខណៈដែលពួកគាត់បានកាប់ដីដំបូកដើម្បីពង្រីកដីស្រែ របស់ពួកគាត់។
មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ត្រង់ចំណុច ដំណាក់តាស៊ុត ក្នុងភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែមានប្រជាពលរដ្ឋប្រទះឃើញគ្រាប់កាំភ្លើងផ្លោងជាច្រើនគ្រាប់ត្រូវបានជនមិនស្គាល់មុខកប់ក្នុងដីដំបូក។
តាមរបាយការណ៍របស់សមត្ថកិច្ចដែលបញ្ជាក់ដោយលោកអធិការ អឿម ទិត្យ បានឲ្យដឹងថា នៅព្រឹកមុនពេលកើតហេតុ គឺម្ចាស់ស្រែឈ្មោះ រឿង សារ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានទៅកាប់ដីដំបូកក្នុងស្រែរបស់ខ្លួនក្នុងគោលបំណងពង្រីកដីស្រែ ក៏បានប្រទះឃើញគ្រាប់ផ្លោងជាច្រើនគ្រាប់ដោយមិនដឹងថាមានកងកម្លាំងខាងណាកប់ទុកមកតាំងពីពេលណានោះទេហើយនៅពេលនោះដែរម្ចាស់ស្រែក៏បានរាយការណ៍ទៅសមត្ថកិច្ច ព្រមទាំងបានសហការជាមួយនឹងអង្គភាពស៊ីម៉ាក់ ប្រចាំតំបន់នោះផង ដើម្បីចុះត្រួតពិនិត្យ។
ក្រោយពេលចុះសិក្សា សមត្ថកិច្ចជំនាញបានអះអាងថាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះគឺជាប្រភេទគ្រាប់កាំភ្លើងត្បាល់ទំហំ ៨២ មីល្លីរម៉ែត្រ ដែលសរុបមានចំនួន៤៤គ្រាប់ដោយបច្ចុប្បន្នគ្រាប់ទាំងអស់នេះ ត្រូវបានកំលាំងស៊ីម៉ាក់យកទៅរក្សាទុកនៅអង្គភាពដើម្បីធ្វើការកម្ទេចចោលទៅតាមការគ្រោងទុក។
ជាមួយគ្នានោះដែរ លោក ព្រីង បញ្ញាឫទ្ធិ ប្រធានអង្គភាពកំចាត់មីន ( ស៊ីម៉ាក់ បាត់ដំបង )បានមានប្រសាសន៍លើកឡើងថា គ្រាប់ទាំងអស់នេះ ត្រូវបានគេដោះក្បាលចេញអស់ហើយ គឺត្រឹមតែកាន់ ឬលើក ដាក់ វាមិនផ្ទុះទេ ប៉ុន្តែបើគេយកវាទៅកែច្នៃ ធ្វើអ្វីមួយនោះវានឹងអាចផ្ទុះឡើងបាន ព្រោះវាគឺជាគ្រាប់ដែលគេមិនទាន់បាញ់ ដូច្នេះរាល់ប្រជាពលរដ្ឋទាំងអស់គួរកុំប៉ះពាល់អោយសោះ និងត្រូវរាយការជាបន្ទាន់ដល់អង្គភាពស៊ីម៉ាក់ ណាមួយដែលនៅជិតព្រោះវាអាចសម្លាប់ជីវិតមនុស្សបាន៕