ពោធិ៍សាត់ ៖ ជនរងគ្រោះឈ្មោះ ប្រាក់ ស្រីនាង ហៅញ៉ាញ់ ភេទស្រី អាយុ២៣ឆ្នាំ បម្រើការងារជានារីខារ៉ាអូខេ នៅហាងពន្លឺច័ន្ទ បានស្លាប់នៅក្នុងបន្ទប់ទឹកកាលពីវេលាម៉ោង០៩និង២៥នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
តាមរៀបរាប់របស់ឈ្មោះ អឿន ដា ជានារីបម្រើខារ៉ាអូខេ នៅក្នុងហាងពន្លឺច័ន្ទ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ប្រាប់ ស្រីនាង បានចូលក្នុងបន្ទប់ក្នុងគោលបំណង បោកខោអាវ ខណៈជនរងគ្រោះចូលក្នុងបន្ទប់យូរ អឿន ដា ក៏ដើរទៅបើកទ្វាបន្ទប់ទឹក ហៅជនរងគ្រោះ មិនឮសម្លេងឆ្លើយ ដោយបន្ទប់ទឹកជប់គន្លឹះ ក៏មានមន្ទិលសង្ស័យក៏រត់ទៅហៅម្ចាស់ខារ៉ាអូខេ ពន្លឺច័ន្ទ នាំគ្នាគាស់ទ្វា ស្រាប់តែប្រទះឃើញជនរងគ្រោះ ដាំក្បាលចូលក្នុងអាងទឹក ស្លាប់បាត់បង់ជីវិត ក៏ភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះធ្វើការត្រួតពិនិត្យ ដល់កន្លែងកើតហេតុ ។
លោកវរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា តាមការពិនិត្យរបស់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ប្រាក់ ស្រីនាង បានស្លាប់នៅក្នុងបន្ទប់ទឹក ដោយសារមានជំងឺស្កន់ជាន់ រួចដាំក្បាលចូលក្នុងអាងទឹក ទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បែបនេះ ក្រោយពេលពិនិត្យរបស់សមត្ថកិច្ចយ៉ាងយកចិត្តទុកដាក់ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាស្រុកកំណើតរបស់ខ្លួន ៕