ភ្នំពេញ ៖ កម្លាំងចម្រុះខណ្ឌមានជ័យដែលដឹកនាំផ្ទាល់ដោយលោក រ័ត្នខេមរុណ អភិបាលរងខណ្ឌបានចុះបង្ក្រាបទីតាំងលួចលាក់កត់កន្ទុយលេខខុសច្បាប់ដុះស្លែរមួយកន្លែង ( ឆ្នោតវៀតណាម ) និងឃាត់ខ្លួនមនុស្ស៩នាក់ នៅចំណុចផ្ទះលែងមួយកន្លែង ខាងជើងផ្សារប៉េសេ ស្ថិតក្នុងភូមិត្និតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានថាមានការលួចលាក់កត់ឆ្នោតយួនខុសច្បាប់នៅទីតាំងខាងលើរួចមក លោកបានដាក់កម្លាំងចុះទៅស៊ើបការណ៍ជាច្រើនថ្ងៃមកហើយ រហូតកំណត់បានថា ទីតាំងនេះ ពិតជាមានលួចលាក់កត់ឆ្នោតយួនខុសច្បាប់ប្រាកដមែន ទើបកម្លាំងអាជ្ញាធរចម្រុះ ដោយមានការឯកភាពពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណី បានចុះបង្ក្រាបបានជាក់ស្តែងតែម្តងទៅ ។
ក្នុងប្រតិបត្តិការបង្ក្រាបខាងលើបានដកហូតវត្ថុតាងរួមមានៈ ម៉ាស៊ីន Fax ២គ្រឿង, ម៉ាស៊ីនព្រីនមួយគ្រឿ, ម៉ូតូ៤គ្រឿង, ក្រដាស់កត់ឆ្នោតនិងវត្ថុតាងពាក់ព័ន្ធការកត់ឆ្នោតមួយចំនួនធំ រួមទាំង ឃាត់ខ្លួនមនុស្សចំនួន៩នាក់ ក្នុងនោះស្រី៣នាក់ ។
ក្រោយការឃាត់ខ្លួនជនទាំង៩នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ចូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំបន្តនិតិវិធីច្បាប់ ៕