បាត់ដំបង ៖ ចោរបិទម៉ាសមុខម្នាក់ប្រដាប់ដោយអាវុធខ្លីចូលប្លន់អ្នកដូរលុយនិងលក់មាសក្បែរផ្សារណាត់ ក្រោយការប្រតាយប្រតប់គ្នាបានគេចខ្លួនបាត់។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី២៤ ក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលហេតុការកើតឡើងគេបានឃើញជនបិទម៉ាស់មុខនិងពាក់មួកសុវត្ថិភាពចុះពីម៉ូតូធ្វើសកម្មភាពខណៈបក្ខពួកជាច្រើននាក់ ទៀតនៅថតឡាននិងម៉ូតូទាំងបញ្ឆេះម៉ាស៊ីនរងចាំ។ ក្រោយជនសង្ស័យចុះពីលើម៉ូតូហើយបានដើរសំដៅទៅរកផ្ទះអ្នកលក់មាសនិងដូរលុយ ភ្លាមៗជនបិទមុខបានដកកាំភ្លើងភ្ជង់រួចគំរាមសម្លាប់និងបានប្រាប់អោយម្ចាស់ផ្ទះប្រមូលលុយច្រកថង់អោយ ប៉ុន្តែត្រូវម្ចាស់ផ្ទះមិនព្រមហើយបាន ប្រតាយប្រតប់គ្នាបន្តិច ជនបិទមុខខាងលើ ឃើញសភាពការណ៍មិនស្រួល បានរត់គេចខ្លួនជិះម៉ូតូចេញតែម្តង។
ជនរងគ្រោះមានឈ្មោះ ចៅ កុំហ្វាន់ អាយុជាង៤០ឆ្នាំ និងប្រពន្ធឈ្មោះគង់ សុផា អាយុប្រហាក់ប្រហែលគ្នា រស់នៅក្នុងភូមិ សង្កាត់ខាងលើ មុខរបរដូរលុយនិងលក់មាសទល់មុខផ្សារណាត់។
នេះបើតាមការគូសបញ្ជាក់ ពីលោកឧត្តមសេនីយ៍ ជេត វណ្ណនី ថា ជនសង្ស័យ ប្រើប្រាស់កាំភ្លើងជ័រ នៅពេលភ្ជុង ជនរងគ្រោះៗស្គាល់ច្បាស់ ធ្វើការប្រតាយគ្នាតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងមមាញឹកស្រាវជ្រាវកំណត់ មុខសញ្ញានិងស្ទាក់តាមគោលដៅក្នុងនិងច្រកចេញក្រៅខេត្តដើម្បីចាប់ខ្លួនជនសង្ស័យនិងបក្សពួក ៕