ពោធិ៍សាត់ ៖ រថយន្តហ៊ីយ៉ានដាយ២គ្រឿងបុកតគ្នា រួចជ្រុលទៅបុកតូបលក់ដូរចំនួន២ បណ្តាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ ករណីនេះកើតឡើងនៅលើផ្លូវជាតិលេខត្រង់ចំណុចគីឡូម៉ែត្រលេខ២០១-២០២ ស្ថិតក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២២និង៤៥នាទីយប់ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ 3A -1557 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6051 បើកបរស្របទិសគ្នាបោះពួយយ៉ាងលឿន បានបុករថយន្តហ៊ីយ៉ានដាយពណ៌ខៀវ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត ហ៊ីយ៉ានដាយ ពណ៌ខៀវ ជ្រុលចង្កូតទៅបុកតូបលក់ដូរអីវ៉ាន់ចំនួន២ ខូចខាតទាំងស្រុង និបណ្តាលឲ្យរងរបួស ស្ត្រីម្នាក់ ជាអ្នកមកទិញអីវ៉ាន់ យ៉ាងធ្ងន់ធ្ងរ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបាកាន ចំណែកអ្នកបើកបររថយន្តទាំងពីររត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចនគរបាលចរាចរណ៍ លោកវរសេនីយ៍ត្រី ស៊ឹម រ័ត្ន នាយរងការិយាល័យ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តា ការប្រើប្រាស់ល្បឿន ហើយគិតមកដល់ព្រឹកថ្ងៃទី២៨នេះរថយន្តទាំងពីរគ្រឿង ពុំទាន់យកចេញពីកន្លែងកើតហេតុនៅឡើយ សមត្ថកិច្ចធ្វើការវាស់វែង យករថយន្តមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ លោកបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលខូចខាតតូចលក់ដូរចំនួន២កន្លែង ទី១-តូចលក់ដូររបស់ឈ្មោះ ប៉ាវ ប៊ុន ភេទប្រុស អាយុ៤៧ឆ្នាំ, ទី២-តូបលក់ដូររបស់ឈ្មោះ ឈុំ សុភាព ភេទប្រុស អាយុ៥៣ឆ្នាំ និងបណ្តាលឲ្យរងរបួសស្ត្រីម្នាក់ឈ្មោះ ខុំ យ៉ា ភេទស្រី អាយុ៥៦ឆ្នាំ អ្នកទាំងបីរស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕