ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២៣ និង៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូមិនយកមកឲ្យវិញ) នៅចំណុចឃ្លាងលក់រថយន្តលេខ៩៩ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោកវរសេនីយទោ ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យឈ្មោះ ណែម វិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិអង្គចាយ ឃុំលាយបូស្រុកត្រាំកក់ ខេត្តតាកែវ (មានសារធាតុញៀន)។
ជនរងគ្រោះ ឈ្មោះ អ៊ឹម សុខុម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរយោធា ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈបាត់បង់ៈ ម៉ូតូចំនួនមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ1F-1093។
លោកអធិការបន្តថាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០២ និង៣០នាទី ជនរងគ្រោះឈ្មោះ អ៊ឹម សុខុម និងជនសង្ស័យឈ្មោះ ង៉ែត ណៃ , ណែម វិត បានផឹកស៊ីជាមួយគ្នា នៅចំណុចឃ្លាងលក់រថយន្តលេខ៩៩ ផ្លវ២០០៤ សង្កាត់អូរបែកក្អម រួចជនសង្ស័យឈ្មោះ ណែម វីត និងង៉ែត ណៃ បានខ្ចីម៉ូតូពីជនរងគ្រោះដោយប្រាប់ថាទៅទិញគ្រឿងក្លែងបន្ថែម។ ពេលជនសង្ស័យខ្ចីម៉ូតូបានហើយ បានជិះម៉ូតូទៅបាត់មិនយកម៉ូតូមកប្រគល់ឲ្យជនរងគ្រោះវិញ។ លុះដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២៣ និង៣០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ ឈ្មោះ ណែម វិត ដើរតាមផ្លូវនៅមុខបន្ទាយកងពលតូចលេខ៩៩ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អមធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕