បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋនៅខេត្តខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា-ថៃប្រមាណជិត១ម៉ឺននាក់បាននាំគ្នាដើរលេងកំសាន្តនិងការជួបជុំគ្នានៅថ្ងៃឆ្លងឆ្នាំសកលឆ្នាំថ្មី២០១៨ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។ ថ្ងៃឆ្លងឆ្នាំសកលនោះដែរត្រូវគេមើលឃើញថាក្រុងចំនួន២គឺក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែតបានរៀបចំនូវកម្មវិធីនេះឡើងដើម្បីឲ្យប្រជាពលរដ្ឋមកលេងកំសាន្តសប្បាយរីករាយទន្ទឹមដែលកងកម្លាំងសមត្ថកិច្ចបានដាក់ការពង្រាយយាមកាមដើម្បីថែរក្សាសន្តិសុខសម្រាប់ប្រជាពលរដ្ឋដើរលេងកំសាន្តប្រកបដោយសុវត្ថិភាព។
ថ្ងៃឆ្លងឆ្នាំនៅក្រុងប៉ោយប៉ែតប្រជាពលរដ្ឋមកជួបជុំគ្នាយ៉ាងច្រើនកុះរហូតដល់មានការកកស្ទះចរាចរណ៍ ដោយ បាននាំគ្នាដើរលេងកំសាន្តជាលក្ខណៈ ក្រុមគ្រួសារ នៅតំបន់កាស៊ីណូដែលនៅទីនោះគឺមានការរៀបចំតុបតែងភ្លើងចម្រុះពណ៌ដ៏ស្រស់គួរជាទីគយគន់ ការជួបជុំទទួលទានអាហារ លេងល្បែងប្រជាប្រជាប្រិយ៍ ការប្រគុំតន្ត្រី និងប្រជាពលរដ្ឋមកទិញទំនិញខ្មែរ-ថៃ ដែលមានការតាំងលក់ នៅក្នុងតំបន់កាស៊ីណូនោះផងដែរ។ ក្រុងប៉ោយប៉ែតជាអតីតតំបន់សមរភូមិសង្គ្រាមដែលមានសភាពស្ងាត់ជ្រងំ បច្ចុប្បន្ននៅក្នុងតំណាក់កាលប្រទេសមានសុខសន្តិផាព បានប្រែក្លាយជាតំបន់នោះជាតំបន់ដែលមានសក្តានុពលខ្ពស់ផ្នែកវិស័យសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្មនិងឧស្សាហ៍កម្ម នាំឲ្យកំណើនប្រជាពលរដ្ឋមករស់នៅក្នុងក្រុងប៉ោយប៉ែតមានការកើនឡើងកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំនោះ។
ចំណែកនៅក្រុងសិរីសោភ័ណ រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានរៀបចំពិធីឆ្លងឆ្នាំសកលនៅចំណុចសួនមានជ័យដែលមានការដឹកនាំរៀបចំពិធីផ្ទាល់ដោយអភិបាលខេត្តបន្ទាយមានជ័យ លោកសួន បវរ នៅពេលនោះគេសង្កេតឃើញមាន ការចូលរួមសប្បាយរីករាយពីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ទិសទី។ ពិធីឆ្លងឆ្នាំនោះដែរក៏មានការ ទទួលទានអាហារសាមគ្គីនិងមានការប្រគំតន្ត្រី រាំលេងកំសាន្ត ដើម្បីបង្កលក្ខណៈសប្បាយរីករាយប្រកប ដោយភាពស្និតស្នាលនិងមនោសញ្ចេតនាដើម្បីបង្កើន សាមគ្គឺភាព មិត្តភាព រវាងជ្ញាធរជ្ញាធរខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឱ្យកាន់តែជិតស្និតប្រសើរឡើង ដើម្បីនាំគ្នាប្តេជ្ញា ចូលរួមគាំទ្រ និងបំពេញកិច្ចការងារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យសម្រេចបានជោគជ័យនៅឆ្នាំ២០១៨ និងក៏ដើម្បីជាប្រយោជន៍ក្នុងការបំរើប្រជាពលរដ្ឋបង្កើនជីវភាពឲ្យកាន់តែល្អប្រសើរឡើង។
ជាពិសេសនាំគ្នាចូលរួមការពារការពារសុខសន្តិភាពឲ្យបានគង់វង់ ស្ថិតស្ថេរ ដោយនាំមកនូវការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ក្រោមការដឹកពីសម្តេចតេជោសែន ជាប្រមុខរាចរដ្ឋាភិបាលកម្ពុជានោះ។ ពិធីឆ្លងឆ្នាំថ្មីឆ្នាំសកល២០១៨នៅខេត្តបន្ទាយមានជ័យត្រូវបានរៀបចំរាំលេងកំសាន្តចាប់ពីរាត្រី៣១ធ្នូ២០១៧ឈានរហូតដល់ម៉ោង១២យប់ឈានចូលថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៨ ទើបពិធីនោះបានបញ្ចប់។
សូមញ្ជាក់ថានៅយប់បុណ្យឆ្នាំសកលនោះដែរ បើតាមរបាយការណ៍សន្តិសុខរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថាគ្មានអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះឡើយ សន្តិសុខមានភាពស្ងប់ស្ងាត់ល្អ គ្រាន់តែកើតនូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណីប៉ុណ្ណោះ នៅយប់ឆ្លងឆ្នាំនោះ ត្រង់ចំណុចផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានទី៥ ក្រុងសិរីសោភ័ណ រថយន្តបុកអ្នកជិះម៉ូតូម្នាក់ដែលជានាយទាហានបណ្តាលឲ្យស្លាប់។ រថយន្តបង្កបើករត់គេចបាត់។ នាយទាហានរងគ្រោះនោះមានមុខងារជាមេបញ្ជាការរងអង្គភាពអនុសេនាតូចយោធាការពារព្រំដែលលេខ៥០៥ ឈរជើងនៅភ្នំដងរ៉ែក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ៕