ពោធិ៍សាត់ ៖ កាលពីយប់ថ្ងៃអាទិត្យ១៤កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង ២២និង៥០នាទី មានករណីហិង្សាដែលបង្កឡើងដោយក្មេងទំនើង២ក្រុមដេញវ៉ៃគ្នានៅម្តុំផ្លូវរថភ្លើងស្ថិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់បណ្តាលឲ្យរបួសស្រាលម្នាក់។
តាមប្រភពព័ត៌មាន បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញក្មេងទំនើង២ ក្រុមដេញវ៉ៃគ្នានៅត្រង់ចំណុចខាងលើរហូតដល់ផ្ទះរបស់ឈ្មោះ ប្រាក់ សឿម ហៅវ៉ិត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ពេលនោះឈ្មោះនី កោន ភេទប្រុស អាយុ២២ឆ្នាំ ដេកនៅផ្ទះជាមួយបានបើកទ្ធារចេញមកមើល ត្រូវបានជនមិនស្គាល់មុខវាយ១ដំបងចំក្បាលនិងកាប់ចំកែងដៃខាងឆ្វេងរងរបួសស្រាល។
មន្ត្រីនគរបាលប៉ុស្តិ៍បឹងខ្នារបានបញ្ជាក់បន្ថែមថា ក្រោយពេលកើតហេតុកម្លាំងនគរបាលយើងបានសហការជាមួយកម្លាំងប្រជាការពារដើម្បចុះធ្វើអន្តរាគមន៍ភា្លមៗ ហើយក៏បានឃើញក្មេងជិះម៉ូតូ១គ្រឿងមនុស្ស២នាក់ដើរលេងយប់មាន៖ ទី១-ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ទី២-ឈ្មោះ សុខុម ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ។
សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួននិងបញ្ជូនជនសង្ស័យទាំងពីរនាក់រួមវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបន្តធ្វើការស្រាវជ្រាវ ៕