ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង២០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច (លួចយកទូរស័ព្ទដៃពីក្នុងកាបូបស្ពាយ) នៅចំណុចតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៨២ (ភ្លើងស្តុប) ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យឈ្មោះ ពៅ ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ លី ស៊ីវម៉ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនិស្សិត ស្លាក់នៅផ្ទះលេខ៣៧ ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
សម្ភារៈបន្សល់ទុកៈ ម៉ូតូចំនួនមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GL-2761 (របស់ជនសង្ស័យ) និងទូរស័ព្ទដៃចំនួនមួយគ្រឿងម៉ាក សាំសុង (ប្រគល់ឲ្យជនរងគ្រោះវិញ ) ។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបប្អូនចេញពីរៀន មកដល់ចំណុចកើតហេតុខាងលើបានឈប់រងចាំភ្លើងស្តុប ស្រាប់តែមានជនសង្ស័យ បានជិះម៉ូតូរបស់ខ្លួនឈប់ជិតជនរងគ្រោះ រួចរូតកាបូបស្ពាយរបស់ជនរងគ្រោះ រួចលួចយកទូរស័ព្ទដៃពីក្នុងកាបូបរបស់ជនរងគ្រោះ រួចជិះម៉ូតូបំរ៉ុងគេចខ្លួន តែត្រូវជនរងគ្រោះឃើញស្រែកថាចោរៗ ស្របពេលនោះកម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលទឹកថ្លា ឃើញបានធ្វើការដេញតាមរួចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕