កំពង់ចាម ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង កាលពីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចដំណាក់ចាស់ ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះក្នុងហេតុការអគ្គីភ័យខាងលើឈ្មោះ ឆេង សំបូ ភេទប្រុស អាយុ៥០ឆ្នាំ ដែលមានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើពីឈើប្រក់សង្ក័សី បណ្តាលឲ្យខូចខាតទាំងស្រុង ដោយពុំទាន់ដឹងមូលហេតុ ក្នុងករណីគ្រោះថ្នាក់អគ្គីភ័យនេះពុំមានរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ចុះដល់កន្លែងកើតហេតុ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង ដោយមួយគ្រឿង រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងមួយគ្រឿងទៀតជារថយន្តរបស់ក្រុមហ៊ុនឡុងស្រេង ចំការកៅស៊ូបឹងកេត ៕