ត្បូងឃ្មុំ ៖ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៣រួមមាន ប៉ុស្តិ៍រូង ចាន់មូល និងចាន់មូល ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរូង ស្ថិតនៅក្នុងភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ចេង ប៊ុណ្ណារ៉ា អភិបាល នៃគណៈអភិបាលស្រុកមេមត់ អមដំណើរដោយលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ និងលោកនាយ-នាយរងការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមអបអរសាទរពីសំណាក់លោកអធិការនគរបាលស្រុក-ក្រុងទាំង៧ , អធិការរងស្រុកមេមត់, នាយ-នាយរងផ្នែកស្រុកមេមត់, នាយ-នាយរងប៉ុស្តិ៍ទាំង១៤មន្ត្រីក្រោមឱវាទ, លោកមេឃុំ, មេភូមិ ប្រជាការពារ និងប្រជាពលរដ្ឋ នៅឃុំរូង ផងដែរ។
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលរូង , ចាន់មូល និងជាំតាម៉ៅ ដែលទើបនឹងសាងសង់រួចរាល់ជាស្ថាពរ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ, ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន និងលោកជំទាវ, និងឯកឧត្តម ប្រាជ្ញ ចន្ទ និងលោកជំទាវ, ឯកឧត្តម លី ឡេង និងលោកជំទាវ រួមនិងសប្បុរសជននានា ដោយទទួលបន្ទុកសាងសង់ដោយលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់។
សូមរម្លឹកផងដែរថា រយៈកាលកន្លងមកនេះអគារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៣ គឺសាងសង់អំពីឈើ ប្រក់សង្ក័សី មានសភាពចាស់ទ្រុឌទ្រោម (ដំបូលធ្លុះធ្លាយ ជញ្ជាំងរហែក)។ ដោយមើលឃើញការលំបាកនេះថ្នាក់ដឹកនាំស្រុកខេត្ត ពិសេសស្នងការខេត្ត បានពិភាក្សាមូលមតិដោយមានការឯកភាពយល់ព្រមពីលោក លោកស្រី មេឃុំ លោកអភិបាលស្រុក ធ្វើការស្នើសុំការសម្រេចពីឯឧត្តម លី ឡេង អភិបាលខេត្ត និងជាអាណាព្យាបាលផ្ទាល់បានសម្រេចសាងសង់នូវអគារនេះឡើង ដោយប្រើប្រាស់ថវិកាសប្បុរសជន ដែលមានមូលនិធិ សម្តេចក្រឡាហោម នាយឧត្តមអគ្គស្នងការ ឯកឧត្តមអភិបាលរហូតកសាងបានរួចរាល់ជាស្ថាពរនិងសម្ពោធដាក់អោយប្រើប្រាសពីថ្ងៃ ០៣ ខែមករា ឆ្នាំ២០១៨ នេះតទៅ ។
យើងខ្ញុំជាថ្នាក់ដឹកនាំនិងជាកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំទាំងអស់ សូមគោរពថ្លែងអំណរអគុណ សម្តេច ឯកឧត្តម នាយឯឧត្តសេនីយ៍ លោក លោកស្រី ដែលបានផ្តល់នូវជំនួយដ៏សប្បុរសនេះ យើងខ្ញុំនិងខិតខំបម្រើការពារ បំពេញកាងារតាមមុខជំនាញនិងប្រកបដោយវិជ្ជាជិវៈ សមស្របនិងពាក្យស្លោកថា (នគរបាលជាកូនចៅប្រជាជន) ៕