កំពង់ធំ ៖ យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់និង០៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុក២ផ្សេងគ្នានៃខេត្តកំពង់ធំ។
ករណីទី១-មនុស្សស្រី២នាក់បានស្លាប់ភ្លាមៗនិង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍រយន្តបុកជាមួយរថយន្តហើយជ្រុលទៅបុកជាមួយម៉ូតូ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៨៩-១៩០ ភូមិត្បែង(ខ) ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបន្តថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់លាយបៃតង គ្មានស្លាកលេខ ទិសដៅពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ពេលមកដល់កន្លែងកើតហេតុបានបុករថយន្ត កាមរី(CAMRY) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2H-5743 (បើកបរទិសដៅពីកើតទៅលិច) ដោយឈ្មោះ ហ៊ិន សុគន្ធា ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។ អ្នករួមដំណើរក្នុងរថយន្ត ០៣នាក់រួមមានទី១- ឈ្មោះ ពិន ចិត្រា ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។ ទី២- ឈ្មោះ ឡូត លៀង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃគុយ សង្កាត់ព្រៃគុយ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(របួសធ្ងន់)។ ទី៣- ឈ្មោះ កែវ សំណាង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់)។
ម៉ូតូC100កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1A-9184 (បើកបរទិសដៅពីកើតទៅលិច) ដោយឈ្មោះ ឆុន តូ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិចុងកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (របួសធ្ងន់) ពាក់មួកសុវត្ថិភាព។
មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ បើកមានល្បឿនលឿនហើយបែកកង់មុខខាងឆ្វេង រេចង្កូតទៅបុករថយន្ត និងម៉ូតូ ក្នុងចំណែកផ្លូវផ្ទុយទិស។
ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
ករណីទី២- យ៉ាងហោយណាស់មនុស្ស ២នាក់បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយរថយន្តក្នុងទិសដៅផ្ទុយគ្នា នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Hylander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2A-3504 (ទិសដៅពីជើងទៅត្បូង) បើកបរដោយឈ្មោះ អៀង ភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ នៅផ្ទះលេខ៥៦០ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។ អ្នករួមដំណើរ ឈ្មោះ ជួន វ៉ាន់នី ភេទស្រី អាយុ២៩ ឆ្នាំ នៅផ្ទះលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ពេកមកដល់មកន្លែងបានបុកជាមួយរថយន្តមួយគ្រឿងម៉ាក Hyandai ក្បាលពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-7108 (បើកបរទិសដៅពីត្បូងទៅជើង) ដោយឈ្មោះ ពៅ ម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិគោមមហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គេចខ្លួន)។
សមត្ថកិច្ចបានបន្តថាមូលហេតុជាបឋមបង្កឡើងដោយរថយន្តHylander ពាក់ស្លាកលេខ ភ្នំពេញ 2A-3504 បែកកង់មុខខាងឆ្វេង ហើយរេចង្កូតទៅបុករថយន្តក្នុងចំណែកផ្លូវផ្ទុយទិស។
ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ៕