ពោធិ៍សាត់ ៖ កាលពីថ្ងៃច័ន្ទ ៧ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨សមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋានឃុំក្បាលត្រាចបានចុះបង្ក្របបទល្មើសនេសាទលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីជ្រោយស្តី ឃុំក្បាលត្រាច កំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ព្រំប្រទល់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថាការចុះបង្ក្រាបករណីនេសាទខុសច្បាប់សមត្ថកិច្ចប្រើមធ្យោបាយមាន កាណូត ៤ គ្រឿងកម្លាំងសរុបចំនួន២៥នាក់ ដឹកនាំដោយ លោក ភុំ និមលនាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់។ លោកបានបន្តថាករណីបង្ក្រាបនេះក្នុងគោលបំណងដើម្បីថែរក្សាឲ្យបានគង់វង្សនូវហ្វូងមច្ឆាជាតិដែលពួកគេកំពុងរស់នៅក្នុងដែនទឹកបឹងទន្លេសាបមិនឲ្យផុតពូជនិងរក្សាពូជត្រីឲ្យរស់រានមានជីវិតទុកសម្រាប់នាពេលអនាគតខាងមុខ។ ការចុះបង្ក្រាបនេះសមត្ថកិច្ចធ្វើឡើងក្នុងដែនគ្រប់គ្រងរបស់ខ្លួន ក្នុងពេលចុះបង្ក្រាបសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានបំផ្លាញចោលនូវរបាំងសាច់អួន ៥ ខ្សែ ប្រវែង១៧៣០ ម៉ែត្រ ,បង្គោល ៥១០ ដើម ,លូកងសាច់អួនចំនួន ៥ មាត់ ,បង្គោលឆ្នុកចំនួន៧៩ កន្លែងស្មើ ១៨២៥ ដើម ខ្សែចង ឆ្នុក ប្រវែង ៣៨០០ម៉ែត្រ និងលែងត្រីចំរុះ ៤២គីឡូក្រាមផងដែរ ៕