ពោធិ៍សាត់ ៖ ម្ចាស់រវល់ទៅរកស៊ី នៅឯស្រុកវាលវែង ត្រូវអគ្គីភ័យមួយបានឆាបឆេះរោងស្តុកអីវ៉ាន់មួយខ្នងរបស់ម្ចាស់ឈ្មោះ នួន មុន្នី ភេទប្រុស អាយុ៦០ឆ្នាំ ដែលមានទទឹង៤ម៉ែត្រ និងបណ្តោយ២៦ម៉ែត្រ អស់ទាំងស្រុង កាលវេលាម៉ោង២២និង៤៥នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ឧបទ្ទហេតុនេះកើតឡើងនៅចំណុចភូមិមាន់ចែ សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។
ក្រោយពេលកើតហេតុឈ្មោះ យឹម ស៊ីណាត ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធរបស់ម្ចាស់ផ្ទះខាងលើ បានត្រឡប់មកដល់ផ្ទះហើយប្រាប់សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់អគ្គីភ័យគឺបណ្តាលឲ្យខូចខាតសម្ភារៈក្នុងឃ្លាំងស្តុកអីវ៉ាន់អស់ ប៉ោយដួសទឹកចំនួន១៦០០ តង់កៅស៊ូចំនួន១០០ កន្ទេលបត់ចំនួន១០០ ឆ័ត្រចំនួន៣៦ ត្បាល់បុកចំនួន១០០ ថាសចំនួន៥០ ថាសជ្រុងចំនួន៥០ ធុងជ្រុងចំនួន៥០ សាប៊ូ០៤កេះ សាប៊ូកក់សក់ចំនួន០២កេះ កៅអីជ័រចំនួន៥០ តុជ័រចំនួន១០ ពួកឡានចំនួន០៩ ចានស្រាក់ចំនួន២០០ ម៉ូតូ០១គ្រឿង និងឆេះឡានអស់១ចំហៀងខាងស្តាំ តាមការវាយតម្លៃរបស់ម្ចាស់ផ្ទះ សរុបជាទឹកប្រាក់ប្រមាណ ៦០០០ ដុល្លារ។
លោកវរសេនីយ៍ទោ យឹម ស៊ាងហៃ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ឲ្យដឹងថា តាមការស្រាវជ្រាវនៅកន្លែងកើតហេតុ សាក្សីបានបំភ្លឺមុនពេលកើតហេតុពួកគាត់បានឃើញដុំភ្លើងមួយដុំតូច ឆេះនៅក្នុងរោងខាងមុខ មួយសន្ទុះក្រោយមកក៏មានអណ្តាតភ្លើងឆេះចេញពីក្នុងរោងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ។
លោកអធិការ យឹម ស៊ាងហៃ បានបន្តថា ករណីអគ្គីភ័យកើតឡើងខាងលើនេះ គឺបណ្តាលឲ្យខូចខាតរោងស្តុកអីវ៉ាន់មួយខ្នងទាំងស្រុង និងឆេះដំបូលផ្ទះអ្នកជិតខាងអស់មួយចំហៀង របស់ឈ្មោះ យិន នឿន ករណីនេះ សមត្ថកិច្ចនគរបាលបានប្រើប្រាស់រថយន្តសង្គ្រោះ និងពន្លត់អគ្គីភ័យ ចំនួន០២គ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍នៃការឆេះនោះបានទាំងស្រុង សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដែលបណ្តាលឲ្យកើតមានជាអគ្គីភ័យឆាបឆេះនេះគឺមកពី ឆ្លងចរន្តអគ្គីសនី ៕