រតនគិរី ៖ រថយន្ដយីឌុបដឹកដំឡូងមីក្រៀម មួយគ្រឿងបានក្រឡាប់ លើផ្លូវជាតិលេខ៧៨ តែសំណាងល្អមិនមានអ្នករងរបួស ឬបាត់បង់អាយុជីវិតនោះទេ ។ ហេតុការណ៍នេះបានកើតនៅវេលាម៉ោង៥និង៥០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ត្រង់ចំណុចចំណោតអូរត្រាវ ។
រថយន្ដដែលក្រឡាប់នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពុងចាម 3A-4229។ ចំណែកអ្នកបើកបរមានឈ្មោះ ឆាន់ ហ៊ុន អាយុ៤៥ឆ្នាំ នៅភូមិជ្រៃសីម៉ា ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
អ្នកបើកបររថយន្ដបានឲ្យដឹងថា ខ្លួនបានបើកដឹកដំឡូងមីចេញពីស្រុកអូរយ៉ាដាវ ឆ្ពោះមកក្រុងបានលុង ។ លុះមកដល់ចំណុចកើតហេតុរថយន្ដបានឡើងចំណោតអូរត្រាវ នៅពេលរថយន្ដកំពុងឡើងចំណោតជិតផុតទៅហើយ ស្រាប់តែ រថយន្ដបានបន្ថយលឿនអស់ខ្យល់ គាត់ក៏បានសាងពីលេខ៣មកលេខ១វិញ តែដាក់លេខ១មិនចូល ធ្វើអោយរថយន្ដរអិលមកក្រោយវិញ ចៃដន្យម៉ូតូមួយគ្រឿងបានធ្វើដំណើរមកពីក្រោយ។ ដោយខ្លាចរថយន្ដរអិលកិនលើអ្នកជិះម៉ូតូ ខ្លួន(តែកុង)បានបួងចង្កូតមកស្ដាំបណ្ដាលឲរថយន្ដក្រឡាប់ចាក់ដំឡូងមីពេញលើផ្លូវតែម្ដង ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចការិយាល័យចរាចរណជើងគោក នៃស្នងការដ្ឋាននរគបាលខេត្តរតនគិរី បានចុះទៅពិនិត្យ ហើយមិនឃើញមានបង្ករការរងរបួស និង គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ទើបសមត្ថកិច្ចត្រឡប់មកវិញ ។ ដោយសមត្ថកិច្ចបានទាក់ទងទៅមន្ទីរសាធារណការខេត្តចុះមកពិនិត្យ ដោយសាររថយន្ដបានក្រឡាប់លើបង្គោលអមសងខាងផ្លូវបណ្ដោលអោយបាក់អស់ជាច្រើនដើម ។
រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ នេះ ម្ចាស់រថយន្ដបានរងចាំរថយន្ដស្ទូចរបស់មន្ទីរសាធារណការ ដើម្បីស្ទូចយករថយន្ដចេញ និងយល់ព្រមដោះស្រាយការបាក់បង្គោលជាមួយមន្ទីរសាធារណការខេត្តតាមនិតិវិធីច្បាប់ ៕