តាកែវ ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា។
បានណែនាំដល់ប្រធានគណៈកម្មាធិកាមូលដ្ឋានសមាគមមិត្តនគរបាលជាតិឲ្យយកចិត្តទុកដាក់អំពីស្ថានភាព និងជីវភាពជាក់ស្តែងរបស់ក្រុមគ្រួសារមន្ត្រីនគរបាល និងមន្ត្រីនគរបាលចូលនិវត្តន៍។
ជាក់ស្ដែង នៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនៃស្នងការដ្ឋាននគរបាលខេត្ត អមដំណើរដោយលោកស្នងការរង និងក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្ត បាននាំយកថវិកាសមាគមមិត្តនគរបាលចំនួន ៤លានរៀល ប្រគល់ជូនក្រុមគ្រួសារសពលោក គី ហាក់ មន្ត្រីនគរបាលចូនិវត្តន៍ និងជាអតីតស្នងការរងនគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាព ស្ថិតក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសនោះដែរ លោក ស្នងការបានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងជួយរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ ៕