ពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូ នៅថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៨ វេលាម៉ោង០១និង១៥នាទីរំលងអាធ្រាត្រ ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំនុចស្ពានថ្មខាងលិច ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោកវរសេនីយ៍ឯក រស់ ចំរើន បានឲ្យដឹងថាជនរងគ្រោះឈ្មោះ សុទ្ធ សុខថា ភេទប្រុស រស់នៅភូមិ ក្រាំងធម ឃុំសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ( ស្លាប់នៅនឹងកន្លែងកើតហេតុ ) បើកបរម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F- 4855 ធ្វើដំណើរពីជើងទៅត្បូង ដល់គល់ស្ពានថ្មបត់ឆ្វេង កាត់មុខរថយន្តមួយគ្រឿង ធ្វើដំណើរពីកើតទៅលិច ម៉ាក HYUNDIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6481 បើកបរដោយអញ្ញតជន។
វត្ថុតាងរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់។ សពប្រគល់ឲ្យក្រុមគ្រួសាររួចរាល់ ៕