ស្រី្ត​ម្នាក់​ត្រូវ​បាន​គ្រួសារ​ប្រទះ​ឃើញ​ស្លាប់​ នៅ​ស្រុក​អង្គស្នួល​ សង្ស័យ​ករណី​ឃាតកម្ម​

13-January-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ ស្ដ្រី​ចំណាស់​ម្នាក់​បាន​ចេញ​ទៅ​ផ្លាស់​គោ​ មិនឃើញ​ត្រឡប់​មក​វិញ​ ផ្អើល​ដល់​ក្រុម​គ្រួសារ​ដើរ​ស្វែងរក​ស្រាប់តែ​ឃើញ​ដេក​ស្លាប់​ដោយ​ក្រមា​រិ​តក​ ដោយ​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម​។​

​ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៧​និង​០៥​នាទី​ ត្រង់​ចំណុច​ត្រពាំង​ពង្រ​ ស្ថិត​នៅ​ភូមិ​គោល​ ឃុំ​ទួល​ព្រេ​ជ​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។​

​មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ឃួ​ន​ ខឿន​ អាយុ​៦៧​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​គោល​ ឃុំ​ទួល​ព្រិច​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។​ ស្ត្រី​រូប​នេះ​មាន​ប្ដី​ឈ្មោះ​សន​ ស៊ុ​យ​ អាយុ​៧៣​ឆ្នាំ​ ។​

​ប្រភព​ដដែល​បន្ត​ថា​ តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​ស្ដ្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​វេលា​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៨​ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​សង្ឃទាន​ ផ្ទះ​អ្នក​ជិតខាង​ដោយ​មាន​ពាក់​គ្រឿងអលង្ការ​ និង​ដាក់​លុយ​ចំនួន​៥០០​ដុល្លារ​ ជាប់​ខ្លួន​ផង​ដែរ​។​ ក្រោយមក​នៅ​វេលា​ម៉ោង​ប្រហែល​២​រសៀល​ ប្ដី​របស់​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូត​ឌុ​ប​កូនស្រី​ម្នាក់​ ហើយ​បាន​ដួល​ម៉ូតូ​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​។​ ខណៈនោះ​ស្ត្រី​រង​គ្រោះ​បាន​ដាំទឹក​ក្ដៅ​ស្អំ​របួស​ឲ្យ​ប្ដី​គាត់​រួចរាល់​ រហូត​មក​ដល់​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​ ទើប​គាត់​ចាក​ចេញពីផ្ទះ​ទៅ​ផ្លាស់​គោ​ ហើយ​ក៏​ស្រាប់តែ​បាត់​រហូត​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ​។​ ចំណែកឯ​ក្រុម​គ្រួសារ​មានការ​ងឿងឆ្ងល់​បាត់​យូ​ទៅៗ​មិនឃើញ​ត្រឡប់​មក​វិញ​ រហូត​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ ក៏​បាន​នាំ​គ្នា​តាម​រក​គ្រប់​ទីកន្លែង​រហូត​ដល់​ជិត​ភ្លឺ​ ប៉ុន្តែ​នៅ​តែ​រក​មិនឃើញ​ រួច​ក៏​ឈប់​សម្រាក​សិន​។​ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​១២​ ខែមករា​ បាន​បន្ដ​ដើរ​រក​តទៅ​ទៀត​ ក៏​បាន​ប្រទះ​ឃើញ​សាកសព​ស្ដ្រី​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​លើ​ដី​ទួល​មាត់​ត្រពាំង​ពង្រ​នោះ​ដោយ​ក្រមា​រិ​តក​ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ជិតខាង​និង​រាយការណ៍​ជូន​សមត្ថកិច្ច​មក​ធ្វើការ​ពិនិត្យ​ ។​

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ ភ្លាម​នោះ​សមត្ថកិច្ច​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ខេត្ត​បាន​ចុះ​ មក​ដល់​កន្លែង​កើតហេតុ​ រួច​ពិនិត្យ​សព​ ដោយ​មានការ​ចូលរួម​ពី​ កម្លាំង​ជំនាញ​នគរបាល​ស្រុក​ លោក​ក្រុមប្រឹក្សា​ឃុំ​ គ្រូពេទ្យ​ មេ​ភូមិ​ នគរបាល​ប៉ុស្តិ៍​ ផង​ដែរ​ រួច​បាន​បញ្ចា​ក់ថា​ ស្ដ្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម​ ដោយ​ការ​រឹត​ក​នឹង​ក្រមា​បណ្តាល​ឲ្យ​ស្លាប់​។​

​តាម​ការ​រៀបរាប់​របស់​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ត្រឡប់​មក​ពី​បុណ្យ​សង្ឃទាន​វិញ​ ស្ត្រី​រង​គ្រោះ​បាន​ដោះ​គ្រឿងអលង្ការ​ រួម​ជាមួយ​លុយ​ទុក​នៅ​ទូ​ក្នុងផ្ទះ​អស់ហើយ​ ទើប​ចេញពីផ្ទះ​ទៅ​ផ្លាស់​គោ​ ដោយនៅ​សល់​តែ​ចិញ្ចៀន​ចំរៀកផ្ដៅ​ពាក់​ជាប់ដៃ​១​វង់​ប៉ុណ្ណោះ​ ហើយ​នៅ​ពេល​ប្រទះ​ឃើញ​សាកសព​ចិញ្ចៀន​នេះ​ក៏​បាន​បាត់​មិនឃើញ​នៅ​ជាប់​និង​ខ្លួន​ស្ដ្រី​រង​គ្រោះ​ដែរ​ ដែល​សង្ស័យ​ឃាតក​ដោះ​យក​ក្រោយ​ពេល​សម្លាប់​គាត់​រួច​ ។​

​ករណី​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​ឃាតក​ដើម្បី​យក​មក​ផ្តន្ទាទោស​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ចំពោះ​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ 

ចំនួនអ្នកទស្សនា

    20637997

  • ថ្ងៃនេះ941
  • ម្សិលមិញ12921
  • សប្តាហ៍នេះ941
  • ខែនេះ195541
  • ឆ្នាំនេះ195541
  • សរុប20637997