កណ្ដាល ៖ មនុស្សប្រុស-ស្រី៤នាក់ទទួលរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខរោងម៉ាស៊ីនកិនស្រូវឈ្មោះ សោ សំអុល លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
មន្ដ្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ស្ដ្រីរងគ្រោះរបួសធ្ងន់ឈ្មោះ ឡង់ សុភ័ណ្ឌ ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CH -8383។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1S-7796 បើកបរដោយឈ្មោះ សេង សុភាឡែន ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសស្រាល) រួមដំណើរ២នាក់ ឈ្មោះ ឈុំ ខែមរិន ភេទប្រុស អាយុ១៧ឆ្នាំ (របួសស្រាល) និងម្នាក់ទៀតឈ្មោះ ព្រឿង ចាន់និត ភេទប្រុស អាយុ២៥ឆ្នាំ (រងរបួសស្រាល ) ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោរាជធានីភ្នំពេញ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្ដ្រីរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែស្ដ្រីរងគ្រោះបានជិះម៉ូតូបត់ឆ្វេងទៅត្បូង ខណៈដែលបត់នោះស្ដ្រីរងគ្រោះពុំបានមើលមុខមើលក្រោយនោះទេ ក៏មានម៉ូតូរបស់ជនរងគ្រោះជិះគ្នា៣នាក់បើកបរក្នុងល្បឿនលឿនក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់ជ្រុលបុកពេញមួយទំហឹង បណ្ដាលឲ្យស្ដ្រីម្នាក់ជាអ្នកជិះបត់ឆ្លងផ្លូវទទួលរងរបួសធ្ងន់ រីឯភាគីម៉ូតូជិះគ្នា៣នាក់ទៀតទទួលរងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ស្ដ្រីរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕