កណ្ដាល ៖ នគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល ស្រាវជ្រាវបំបែកសំណុំរឿងធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ដែលបានសម្លាប់ស្ដ្រី ចំណាស់ម្នាក់ដោយយកក្រមារិតក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី នៅចំណុចគុម្ពោតព្រៃ ស្ថិតនៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ឥឡូវបញ្ជូនមកកាន់អធិការដ្ឋននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ឈ្មោះ មុត ម៉ុន ភេទប្រុស អាយុ៣៣ឆ្នាំ (អតីតអ្នកប្រដាល់ឈ្មោះ ផុល ភាព) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ រីឯស្ដ្រីរងគ្រោះ ឈ្មោះ ឃួន ឃឿន អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនមាន៖ ពូថៅចំនួន០១ ,ស្បែកជើងជ័រសង្រែក០១គូរ ,មួកសំយ៉ាបរបស់ស្រីចំនួន០១ ,ក្រម៉ាក្រឡាការ៉ូចំនួន០១ វត្ថុតាងទាំងនេះគឺរបស់ជនរងគ្រោះជារបស់ជនរងគ្រោះ។
ប្រភពដដែលបន្ដថា ដោយធ្វើខិតខំស្រាវជ្រាវនិងយកចិត្ដទុកបំផុត ក្នុងករណីឃាតកម្ម សម្លាប់ស្ដ្រីម្នាក់ដែលក្រមារិតក កាលពី៦ថ្ងៃមុន ជាលទ្ធផលសមត្ថកិច្ចបានបំបែកសំណុំរឿងធ្វើការចាប់ខ្លួនជនសង្ស័យជាឃាតក យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មុនឈានដល់ការសម្លាប់ស្ដ្រីរូបនេះ គឺស្ដ្រីរងគ្រោះបានទៅផ្លាស់គោនៅឯវាលស្រែខាងជើងភូមិ ហើយបានឃើញជនសង្ស័យនិងក្មេងៗអាយុ១៤ទៅ១៥ឆ្នាំកំពុងប្រើប្រាស់ថ្នាំញៀននៅក្នុងគុម្ពោតព្រៃ ខណៈដែលឃើញនោះ ស្ដ្រីរងគ្រោះបានស្រែកឡូឡាថាឲ្យ។ ចំណែកក្មេងៗបានរត់គេចខ្លួនចេញទៅមុនអស់ ដែលជាហេតុធ្វើឲ្យជនសង្ស័យខឹង ទើបជនសង្ស័យបានដើរសំដៅវាយតប់ និងយកក្រម៉ារឹតកសម្លាប់ជនរងគ្រោះ រួចអូសជនរងគ្រោះយកទៅលាក់ក្នុងគុម្ពោតព្រៃ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៤៥ម៉ែត្រ ក្រោយមកក៏គេចខ្លួនបាត់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង០៧នាទី សមត្ថកិច្ចជំនាញនិងស្រុកធ្វើការស៊ើបអង្កេតទទួលព័ត៌មានថា មានមុខសញ្ញាបានគេចខ្លួនមកនៅផ្ទះប្អូន ស្ថិតនៅឃុំស្វាយជ្រុំ ។ បន្ទាប់មកកម្លាំងជំនាញខេត្តនិងបានតាមស្វែងរក រីឯជនសង្ស័យបានដឹងខ្លួនមុន រួចរត់គេចពីចំណុចនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ភ្លាមនោះកម្លាំងសម្ថកិច្ចនគរបាលស្រុកអង្គស្នួលនិងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្វែងរករហូតចាប់ខ្លួនបាន រួចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីបន្តនីតិវិធី ៕