បន្ទាយមានជ័យ ៖ រថយន្តក្រុងក្រុមហ៊ុន ប្លូបឹស ដឹកអ្នកដំណើរ១គ្រឿង ត្រូវបានកម្លាំងនគរបាលឃាត់សង្ស័យដឹកសាច់មាន់ខូចគុណនិងទំនិញគ្មានពន្ធ ពីប្រទេសថៃនាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើការត្រួតពិនិត្យនិង ហាមមិនឲ្យអ្នកសាព័ត៌មានចូលថតនោះទេ។
ការត្រួតពិនិត្យរថយន្តខាងលើបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុងម៉ោង៩យប់ថ្ងៃទី២១ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិព្រែកជួក ឃុំបត់ត្រង់ ស្រុកមង្គលបូរី ក្រុមកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តក្រុងក្រុមហ៊ុន ប្លូបឹសដឹកអ្នកដំណើរ ១គ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 3C-8811 ដែលសង្ស័យដឹកសាច់មាន់ខូចគុណភាពនិងទំនិញគ្មានច្បាប់។
ការត្រួតពិនិត្យរថយន្តខាងលើដោយមានការចូលរួមពីមន្ត្រីអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងមន្ត្រីសាខាកាំកុងត្រូលខេត្តនិងកម្លាំងនគរបាលជំនាញធ្វើការពិនិត្យរថយន្តដែលឃាត់ទុកក្នុងស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
ក្រោយពេលទទួលព័ត៌មានដឹងថា មន្ត្រីនិងសមត្ថកិច្ចចម្រុះនិងធ្វើការពិនិត្យរថយន្តក្រុងក្រុមហ៊ុន ប្លូបឹស ដែលសង្ស័យដឹកសាច់មានខូចគុណភាពនិងដឹកទំនិញគ្មានច្បាប់ អ្នកយកព័ត៌មានបានចូលដល់ ខ្លោងទ្វារស្នងការដ្ឋាននគរបាលខេត្ត មានកម្លាំងនគរបាលដែលយាមមាត់ទ្វារប្រាប់ថា ស្នងការរងនគរបាលខេត្តម្នាក់ប្រាប់ថា មិនឲ្យអ្នកសារព័ត៌មានចូលថតទេ។
អ្នកយកព័ត៌មានបានទំនាក់ទំនងទៅលោកផ្កាយមួយ ចាប សុផាឫទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យប្រាប់ថា នេះបទបញ្ជារបស់លោកស្នងការ ហើយអ្នកសារព័ត៌មានបានទំនាក់ទំនងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដែរលោកមិនបាននិយាយអ្វីគ្រាន់តែទទួលហើយ ឮស្នូរនិយាយក្នុងពិធីប្រជុំ។
អ្នកបើកបររថយន្តក្រុងបានប្រាប់ថា រថយន្តក្រុងមិនមានដឹកអ្នកដំណើរទេហើយមានដឹកទំនិញខ្លះក្នុងរថយន្តដឹកចេញពីក្រុងប៉ោយប៉ែតទៅភ្នំពេញ ត្រូវកម្លាំងនគរបាលឃាត់នាំចូលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕