កណ្ដាល ៖ បុរសម្នាក់បានឌុបនារីជាសង្សាររបស់ខ្លួនមកដេកក្នុងផ្ទះសំណាក់យីហោ សំណាងណាស់ លុះដេកប្រហែលជា៣ម៉ោង ពុំដឹងជាមានរឿងហេតុអី ស្រាប់តែនារីជាសង្សារយកកូនកាំបិតចាក់ទៅលើបុរសម្នាក់រូបនេះ បណ្ដាលឲ្យស្លាប់ រួចជិះម៉ូតូរបស់បុរសរូបនេះគេចខ្លួនបាត់ស្រមោល។ ករណីឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្ងើលឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន សុភាព ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបបើកហាងម៉ាស្សា និងសារព័ត៌មានសំឡេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ទពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្នុងករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ កាំបិតចុងស្រួលដងខ្មៅលាយសប្រឡាក់ឈាមចំនួន០១ , ភួយ០១ពណ៌ផ្កាឈូក, កន្សែង០១ពណ៌ក្រហម ប្រលាក់ឈាម,ខ្នើយ០១ពណ៌គ្របមុខជនរងគ្រោះ, កម្រាលពូកពណ៌ផ្កាឈូក ប្រលាក់ឈាម, ខោទ្រនាប់ពណ៌ក្រហម, វ៉ែនតា១,ស្រោមអានាម័យចំនួន២មិនទាន់ប្រើប្រាស់, ច្រាស់ដុះធ្មេញចំនួន២មិនទាន់ប្រើ, សាបូ២ដុំ, ទឹកសុទ្ធ១ដប, វិទ្យុទាក់ទង១គ្រឿង ម៉ាកម៉ូតូឡា, ខោជើងវែងពណ៌ត្រីអ៊ី និងអាវយឺតដៃវែង ពណ៌សខ្មៅលាយខៀវ, អាវវាលឃ្លៀកដៃខ្លី ពណ៌ខ្មៅ,ស្រោមជើងមនុស្សស្រី១គូរ ពណ៌ខ្មៅ, មួកសុវត្ថភាពចំនួន១ , ខ្សែរកលោហធាតុពណ៌លឿងមានបន្តោង១ខ្សែរ, ស្រោមជើងពណ៌ខ្មៅ១គូរ, ស្បែកជើង, នាឡិការដៃ និងខ្សែរចង្កេះប្រាក់១ខ្សែរ ផងដែរ ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ចែម ប៊ុនធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវផ្ទះសំណាក់យីហោ សំណាងណាស់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅម៉ោង១២និង១៥នាទីថ្ងៃត្រង់ ជងរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកចូលផ្ទះសំណាក់ ដោយបានដឹកនារីជាសង្សារម្នាក់មកជាមួយផងដែរ រួចចូលដេកក្នុងបន្ទប់លេខ១១ ។ លុះប្រហែលម៉ោង១៣និង៤៣នាទី ឈ្មោះ ចាន់ សុខនីម ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះសំណាក់ បានឃើញនារីជាសង្សាររបស់ជនរងគ្រោះដែលមកជាមួយគ្នានោះ បានចេញមកក្រៅបន្ទប់ ហើយអង្គុយលើម៉ូតូរបស់ជនរងគ្រោះ ដោយនិយាយទូរស័ព្ទថា ម៉េចអត់ស្គាល់កន្លែងនិងទេឬ ចឹងចាំខ្ញុំចេញទៅយក ភ្លាមនោះនារីសង្សារក៏ជិះម៉ូតូចេញទៅក្រៅបាត់ទៅដោយមិនឃើញត្រឡប់មកវិញនោះទេ ។
ប្រភពដដែលបានបន្ដទៀតថា លុះដល់ម៉ោងប្រមាណ១៨ល្ងាច ថ្ងៃខែឆ្នាំដដែល ដោយមានការសង្ស័យមិនឃើញនារីជាសង្សារត្រឡប់មកវិញ ភ្លាមនោះឈ្មោះ ចាន់ សុខនីម ក៏ដើរទៅមើលបន្ទប់លេខ១១ ក៏ឃើញទ្វារបន្ទប់រហើបបន្តិច ហើយឃើញនៅក្នុងបន្ទប់មានសភាពរញ៉េរញ៉ៃនិងឃើញបុរសម្នាក់ដេកស្លាប់លើឥដ្ឋការ៉ូក្នុងបន្ទប់ដោយមានប្រឡាក់ឈាម ភ្លាមនោះឈ្មោះ ចាន់ សុខនីម ក៏រត់ទៅប្រាប់ប្ដីថាមានមនុស្សស្លាប់ក្នុងបន្ទប់លេខ១១ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល រួចបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីមកធ្វើការពិនិត្យសាកសព ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌ថា មានករណីឃាតកម្ម ភ្លាមនោះក៏ចុះមកធ្វើការអន្ដរាគមន៍ និងរាយការបន្ដទៅនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល មកធ្វើការពិនិត្យឃើញថា សាកសពមានស្នាមចាក់នឹងកាំបិតចុងស្រួចចំនួន១៧កន្លែង ត្រង់ក្បាលពោះជម្រៅដល់ក្នុង២សង់ទីម៉ែត្រ ,នៅចង្អុលដៃស្ដាំសពមានដាច់មុតមួយកន្លែង ,ត្រង់ខ្នងដៃខាងឆ្វេងមានមុតទំហំបីសង់ទីម៉ែត្រជម្រៅដល់ឆ្អឹង ,ថ្លើមដៃខាងឆ្វេងមុតទំហំ៣សង់ទីម៉ែត្រជម្រៅដល់ឆ្អឹង ,ភ្លៅខាងស្ដាំមុតមួយកន្លែងផងដែរ ។
ចំពោះករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចជំនាញបញ្ជាក់ថា គឺជាករណីឃាតកម្ម ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងនិងធ្វើការស្រាវជ្រាវស្វែងរកឃាតកដែលចាក់សម្លាប់ជនរងគ្រោះដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕