ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនដង្កោ មានការសម្របសម្រួលផ្លូវច្បាប់ដោយ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំង ភូមិបឹងត្រកួន សង្កាត់ខ្វា ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបាន ពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន០៨នាក់ (ស្រី០៥នាក់) គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕