ព្រះសីហនុ ៖ ឯកឧត្តម ចេវ គឹមហេង តំណាងរាស្ត្រខេត្តព្រះសីហនុនិងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធឆ្លងសាលាបុណ្យមួយខ្នងនិងឈាបនដ្ឋានមួយកន្លែង ដែលទើបសាងសង់ថ្មី ក្នុងវត្តពោធិមានជ័យស្រុកស្ទឹងហាវ រៀបចំនិងកសាងដោយលោកឧកញ៉ា អ៊ូ ឆាយ លោកជំទាវសុខ វាសនា ក្រុមគ្រួសារ ព្រមទាំងទទួលបានការរួមចំណែកឧបត្ថម្ភការសាងសង់ពីសប្បុរសជនជិតឆ្ងាយមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ បានឲ្យដឹងតាមរបាយការណ៍ថា សាលាបុណ្យ នេះសង់ពីបេតុង ចំណាយថវិកាសាងសង់អស់ចំនួន២៧ ០០០ដុល្លារអាមេរិក ព្រមទាំងថវិកាជិត៣០០០ដុល្លារទៀត សម្រាប់បំពេញបន្ថែមដូចជាព្រះពុទ្ធបដិមាករជាដើម។
ចំពោះឈាបនដ្ឋានវិញរួមនិងបន្ទប់ទឹក២កន្លែងបាន ចំណាយថវិកាសាងសង់អស់ចំនួនជាង២ម៉ឺនដុល្លារអាមេរិក។ ឯកឧត្តម ចេវ គឹមហេង តំណាងរាស្ត្រខេត្តព្រះសីហនុមានប្រសាសន៍អបអរសាទរនិងលើកសរសើរដល់លោកឧកញ៉ា អ៊ូ ឆាយ លោកជំទាវ សុខ វាសនា ក្រុមគ្រួសារ ព្រមទាំងសប្បុរសជនជិតឆ្ងាយដែលបានរួមចំណែកកសាងនូវសមិទ្ធិផលព្រះពុទ្ធសាសនាក្នុងវត្តពោធិមានជ័យស្រុកស្ទឹងហាវ និងអំពាវនាវអោយសប្បុរសជន ឬផ្នែកឯកជននានាជួយកសាងនូវសមិទ្ធិផលព្រះពុទ្ធសាសនាតាមបណ្តាវត្តដទៃទៀត ជាពិសេសវត្តនៅតាមទីជនបទដែលកំពុងជួបការខ្វះខាត ៕