កណ្ដាល ៖ នគរបាលខេត្ដកណ្ដាលបើកប្រតិបត្ដិការស្រាវជ្រាវចាប់ខ្លួនស្ដ្រីម្នាក់ដែលជាឃាតកក្នុងករណីឃាតកម្មគិតទុកជាមុន ដោយស្ដ្រីសង្ស័យរូបនេះបានយកកូនកាំបិតចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់យីហោ«សំណាងណាស់» បន្ទប់លេខ១១ បណ្ដាលឲ្យស្លាប់កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣និង១០នាទី ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ។
ករណីចាប់ខ្លួនស្ដ្រីជាឃាតកខាងលើនេះបាននៅវេលាម៉ោង១៧និង២៣នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ស្ដ្រីសង្ស័យជាឃាតករមានឈ្មោះ ផេង ណាត អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ នួន សុភាព ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងម៉ាស្សា និងជាអ្នកសារព័ត៌មានសម្លេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្នុងការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ កងដៃធ្វើពីលោហធាតុពណ៌លឿង ចំនួន១៤ កង, ចិញ្ជៀនធ្វើពីលោហធាតុពណ៌លឿងចំនួន២វង់,ខ្សែកធ្វើពីលោហធាតុពណ៌លឿងចំនួន១ខ្សែ, ខ្សែកជើងធ្វើពីលោហធាតុពណ៌លឿងចំនួន២ខ្សែ, ខ្សែដៃធ្វើពីលោហធាតុពណ៌លឿងចំនួន១ខ្សែ, កាបូបស្ពាយពណ៌ខ្មៅចំនួន១,សំបុត្រលក់-ទិញគ្រឿងអលង្ការ៣សន្លឹក, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក, សំបុត្រកំណើត១សន្លឹក និងខ្សែចង្កេះធ្វើពីប្រាក់១ខ្សែផងដែរ។
គួរំឮកថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅម៉ោង១២និង១៥នាទី ដែលជាថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកចូលផ្ទះសំណាក់យីហោ «សំណាងណាស់» ដោយបានដឹកស្រីម្នាក់មកជាមួយផងដែរ រួចបានចូលទៅសម្រាកក្នុងបន្ទប់លេខ១១។ លុះមកដល់វេលាម៉ោងប្រហែល១៣និង៤៣នាទី ឈ្មោះ ចាន់ សុខនីម ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះសំណាក់ បានឃើញស្រីម្នាក់ដែលជាឃាតកមកដេកជាមួយជនរងគ្រោះ នោះចេញមកខាងក្រៅបន្ទប់អង្គុយលើម៉ូតូរបស់ជនរងគ្រោះ ដោយនិយាយទូរស័ព្ទថា៖ ម៉េចអត់ស្គាល់កន្លែងហ្នឹងទេឬ? ចាំខ្ញុំចេញទៅយក ហើយក៏ជិះម៉ូតូជនរងគ្រោះចេញទៅក្រៅបាត់ ដោយមិនឃើញត្រឡប់មកវិញនោះទេ។ ចំណែកស្ដ្រីជាអ្នកមើលការខុសត្រូវផ្ទះសំណាក់នោះក៏ពុំបានចាប់អារម្មណ៍អ្វីដែរ លុះមកដល់ម៉ោងប្រមាណ១៨ ថ្ងៃខែឆ្នាំដដែល ដោយមានការសង្ស័យមិនឃើញស្ដ្រីដែលមកជាមួយនោះមិនឃើញត្រឡប់មកវិញ ស្ដ្រីឈ្មោះ ចាន់ សុខនីម ក៏ដើរទៅមើលបន្ទប់លេខ១១ បានឃើញទ្វាបន្ទប់រហើបបន្តិច និងបានឃើញនៅក្នុងបន្ទប់មានសភាពរញ៉េរញ៉ៃ រួចក៏ចូលដល់ក្នុងស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅលើការ៉ូក្បែគ្រែសព ក៏ផ្អើលឆោឡោរត់ទៅប្រាប់ប្ដីរបស់ខ្លួនឈ្មោះ ចែម ប៊ុនធី រួចក៏បានរាយការណ៍ជូនមកសមត្ថកិច្ចភ្លាមៗតែម្ដង។
ប្រភពដដែលបន្ដថា ក្រោយពីមានករណីឃាតកម្មនេះកើតឡើងក្នុងផ្ទះសំណាក់យីហោសំណាងណាស់ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញខេត្ដនិងស្រុក ធ្វើការប្រតិបត្ដិការស្រាវជ្រាវស្វែងរកឃាតកដែលសម្លាប់ជនរងគ្រោះមកចាត់ការតាមច្បាប់។ ជាលទ្ធផលដោយត្រឹមតែរយៈពេល៤ថ្ងៃ សមត្ថកិច្ចបានកំណត់មុខសញ្ញាច្បាស់ថា ស្ដ្រីជាឃាតកកំពុងនៅត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្លាមនោះសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល រួមទាំងកម្លាំងនគរបាលរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង១៧និង២៣នាទី ត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចធ្វើការនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរយ៉ាងយកចិត្ដទុក នៅចំពោះសមត្ថកិច្ច ស្ដ្រីសង្ស័យជាឃាតកបានឆ្លើយសារភាពថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅរូបនាង(ជនសង្ស័យ) ដោយបបួលមករួមភេទ ខណៈនោះស្ដ្រីសង្ស័យគិតថា ដោយសារខ្លួនមានការខ្វះខាតលុយចំនួន២,៥០០ដុល្លារសហរដ្ឋមេរិក ហើយដឹងថា ជនរងគ្រោះមានគ្រឿង អលង្ការជាប់ខ្លួនច្រើនផងនោះ ក៏មានគម្រោងសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិនោះ។ ភ្លាមនោះស្ដ្រីសង្ស័យបានទារតម្លៃខ្លួន ក្នុងការរួមភេទចំនួន១០ម៉ឺនរៀល តែជនរងគ្រោះឲ្យតែ២០ដុល្លារសហរដ្ឋអាមេរិកទេ ខណៈនោះស្ដ្រីសង្ស័យក៏យល់ព្រមចេញក្រៅ រួចស្ដ្រីសង្ស័យបានយកកូនកាំបិតចុងស្រួច លាក់ទុកក្នុងកាបូបរួចជាស្រេច ។ លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃកើតហេតុ វេលាម៉ោងប្រហែលប្រមាណ១១ ជនសង្ស័យ បានតេទូរស័ព្ទទៅជនរងគ្រោះម្ដងទៀត ដើម្បីណាត់ជួបគ្នារកកន្លែងរួមភេទ។ លុះដល់ម៉ោងប្រហែល១២ថ្ងៃត្រង់ ជនរងគ្រោះបានជិះម៉ូតូមកទទួលស្ដ្រីសង្ស័យនៅចំណុចមុខច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ដើម្បីទៅចូលដេកផ្ទះសំណាក់យីហោ«សំណាងណាស់» ដែលមាន ចម្ងាយប្រហែល០,៥គីឡូម៉ែត្រ។ ខណៈចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែង រួចចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតក្នុងឱកាសនោះផងដែរ ជនសង្ស័យ បានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេក។ ជនរងគ្រោះនិងជនសង្ស័យបានរួមភេទជាមួយ ដោយជនរងគ្រោះដេកផ្ងារឡើងលើ រីឯស្ដ្រីសង្ស័យអង្គុយពីលើ ខណៈដែលកំពុងរួមភេទ ស្ដ្រីសង្ស័យឃើញជនរងគ្រោះកំពុងមានអារម្មណ៍ស្រើបស្រាលភ្លេចខ្លួន ក៏យកកូនកាំបិតពីក្រោមដែលខ្លួនលាក់ទុកនោះ មកចាក់ជនរងគ្រោះជាច្រើកាំបិត ក៏មានការប្រតាយប្រតប់គ្នាធ្លាក់ពីលើគ្រែ ក្នុងគ្រាជាមួយគ្នានោះជនរងគ្រោះខំប្រឹងស្រែក តែត្រូវបានជនសង្ស័យយកខ្នើយសង្កត់ខ្ទប់មាត់ និងចាក់បន្ថែមរហូតដល់ស្លាប់។ ក្រោយមកស្ដ្រីសង្ស័យ បានងូតទឹកសម្អាតខ្លួនរួច បានប្រមូលយកគ្រឿងអលង្ការ ,លុយ ,ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះយកទៅលក់។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់នេះគឺជាអំពើឃាតកម្មគិតទុកជាមុន ដោយផ្ដើមចេញពីអំពើប្លន់យកទ្រព្យសម្បត្តិ។ មូលហេតុស្ដ្រីសង្ស័យត្រូវការ លុយចំនួន២,៥០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីដោះស្រាយ ៕