កណ្ដាល ៖ នគរបាលស្រុកស្អាងធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីជនសង្ស័យខាងលើនេះ ធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៣និង០៥នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ប៉ែន វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនមានឈ្មោះ ឡេង សេងទ្រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនចំនួនចំនួន ០៩កញ្ចប់តូច និងម៉ូតូ០១គ្រឿង ម៉ាកហុងដាគុបមូល ធុនសេ៥០ ពណ៌សំបកឪឡឹក គ្មានស្លាកលេខ ។
ប្រភពដដែលបន្ដថា ជនសង្ស័យទាំង២នាក់ខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ដែលសមត្ថកិច្ចតាមដានជាយូរមកហើយ លុះមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនបានទទួលព័ត៌មានថា មានមុខសញ្ញាកំពុងជួញដូរគ្រឿងញៀន នៅចំណុចភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ បានឃើញជនសង្ស័យទាំង២នាក់កំពុងជិះម៉ូតូឌុបគ្នា ភ្លាមនោះសមត្ថកិច្ចក៏ហៅឲ្យឈប់ រួចធ្វើការត្រួតពិនិត្យជនសង្ស័យ រំពេចនោះឈ្មោះ ឡេង សេងទ្រី បានឃើញសមត្ថកិច្ចនគរបាល ក៏បោះចោលទៅលើដី រួចរត់គេចខ្លួនបាត់ស្រមោល រីឯជនសង្ស័យឈ្មោះ ប៉ែន វណ្ណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួមទាំងដកហូតវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ប៉ែន វណ្ណៈ បានសារភាពថា គ្រឿងញៀនចំនួន ០៩កញ្ចប់តូច មិនមែនជារបស់ខ្លួនទេ ជារបស់ឈ្មោះ ឡេង សេងទ្រី ហើយខ្លួនដឹងថាឈ្មោះ ឡេង សេងទ្រី យកមកលក់ ។ ជនសង្ស័យឈ្មោះ ប៉ែន វណ្ណៈ បានសារភាពទៀតថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនជាមួយឈ្មោះ ឡេង សេងទ្រី អស់ជាច្រើនលើកច្រើនសាររួចមកហើយដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕