បាត់ដំបង ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់។ ហេតុការចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២០និង១៥នាទី នៅចំណុចក្រុមទី០៣ ភូមិ-ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។
លោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើលោកបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។
លោកអធិការបានបន្តថាជនសង្ស័យទី១-ឈ្មោះ ឈី ឆៃហេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល ជាអ្នកឌុប និងមានអាវុធជាប់ខ្លួននិងទី២- ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អ្នកជិះពីក្រោយ។
ជនសង្ស័យទាំង០២នាក់ ស្នាក់នៅយាមដីអោយគេ នៅភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដកហូតបានអាវុធម៉ាកឡុក១៩ លេខA.AKX ៣២៥ មានគ្រាប់ចំនួន១៣គ្រាប់ នៅក្នុងបង់ និងម៉ូតូ០១គ្រឿង ម៉ាកហុងដា ស្តុបពី ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1BJ-3666។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ ៕