បន្ទាយមានជ័យ ៖ ច្រកតំបន់ព្រំដែនបឹងត្រកួនរយៈពេល១០ឆ្នាំ ចំណូលពន្ធបានចំនួន៤៨,១០៩,៧៥៤,៨០៧រៀលដោយយោងតាមរបាយការណ៍ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនៅព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០១៨ នៅការិយាល័យគយនិងរដ្ឋាការបឹងត្រកួនស្រុកថ្មពួក។
ក្នុងពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចតែងតាំងលោក ញឹក ប៊ុនលេខ ជាប្រធានការិយាល័យគយនិងរដ្ឋាករបឹងត្រកួនជំនួសលោក ជា ប៊ុនថន ប្រធានការិយាល័យគយនិងរដ្ឋាករបឹងកួនចូលនិវត្តន៍។
លោក ជា ប៊ុនថន ការិយាល័យគយនិងរដ្ឋាការបឹងត្រកួន(ដែលចូននិវត្តន៍)បានរាយការណ៍ថា លោកបានចូលមកទទួលភារកិច្ចជាប្រធានការិយាល័យគយនិងរដ្ឋាករច្រកតំបន់ព្រំដែនបឹងត្រកួនចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៦រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានរយៈពេល១០ឆ្នាំ១ខែនិង២២ថ្ងៃ។
លោកបានបញ្ជាក់ថា នៅពេលទទួលភារកិច្ចការងារការប្រមូលពន្ធជូនរដ្ឋជួយសម្រួលលក្ខណៈពាណិជ្ជកម្មឆ្លងដែននិងបង្ការនិងបង្ក្រាបអំពើរត់ពន្ធនិងរកចំណូលពន្ធរយៈពេល១០ឆ្នាំបានចំនូលពន្ធចំនួន៤៨,១០៩,៧៤៥,៨០៧រៀល ជាក់ស្តែងចំណូលពន្ធក្នុងឆ្នាំ២០១៧បានចំនួន៩,៥៨៦,៨៣៣,០០០រៀល។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា រយៈពេលកន្លងមកន្ត្រីគយនិងរដ្ឋាករច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកបានប្រមូលពន្ធជូនរដ្ឋនិងបម្រើពាណិជ្ជកម្មជូនប្រជាពលរដ្ឋបានល្អប្រសើរមិនដែលមានរឿងអាស្រូវកើតឡើង។
លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបានមានប្រសាសន៍ក្រឿនរំឭក ដល់ប្រធានការិយាល័យគយនិងរដ្ឋាករបឹងត្រកួនស្រុកថ្មពួក ក្រោយពេលទទួលភារកិច្ចត្រូវយកចិត្តទុកចំពោះការប្រមូលពន្ធជូនរដ្ឋ និងសម្រួលការងារពាណិជ្ជករជូនប្រជាពលរដ្ឋចេញចូលរកទទួលទានកម្ពុជា-ថៃតាមច្រកតំបន់ព្រំដែនបឹងត្រកួន។
លោកបានណែនាំដល់មន្ត្រីគយនិងរដ្ឋាករបម្រើការងារច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកត្រូវសហការជាមួយមន្ត្រីស្ថាប័ន្ធពាក់ព័ន្ធដើម្បីបម្រើការងារជូនប្រជាពលរដ្ឋនិងប្រទេសជាតិ ហើយផ្តាំផ្ញើដល់កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនត្រូវចូលរួមទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែនមានរថយន្តចង្កូតស្តាំនិងម៉ូតូនិងទំនិញគេចពន្ធត្រូវសហការជាមួយមន្ត្រីគយនិងរដ្ឋាករដើម្បីប្រមូលពន្ធជូនរដ្ឋ ៕