បាត់ដំបង ៖ លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ចំនួន ៣ករណីផ្សេងគ្នា។
ករណីទី១៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ជាក់ស្តែង។ ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករាឆ្នាំ២០១៨ វេលាម៉ោង១២និង២០នាទី នៅចំណុចភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ប៉ែន បូរី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ជាមេក្លោងនិងជាម្ចាស់ថ្នាំញៀន, ទី២-ឈ្មោះ ទូច រតនា ហៅជ័យ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង ជាអ្នកកាន់លក់ឲ្យឈ្មោះ បូរី និងរកម៉ូយអោយ និងទី៣-ឈ្មោះ ស៊ឹម សែន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង ជាអ្នកកាន់លក់ឲ្យឈ្មោះ បូរី និងជាអ្នកឌុបបូរីទៅលក់ឲ្យគេ។
វត្ថុតាងដកហូតរួមមានៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន២១កូនថង់ ទម្ងន់ ៤,៩៨ក្រាម ទាំងសំបក, ដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១, ដែកកេះចំនួន១, កាបូបសម្រាប់ដាក់លុយចំនួន១, ទូរស័ព្ទដៃចំនួន ៤គ្រឿងចាស់។
ករណីទី២៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២០នាទី២០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថាជនសង្ស័យឈ្មោះ ឯក ស៊ីវលីនណា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) ចំនួន២កូនថង់ ទម្ងន់០,៥៣ក្រាម ទាំងសំបក, ទូរស័ព្ទដៃចំនួន១គ្រឿង។
ករណីទី៣៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង១០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។
លោក ស៊ាន សុណាល់ បានឲ្យដឹងថាជនសង្ស័យឈ្មោះ ផាន់ សុភារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមានៈ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន១កូនថង់ ទម្ងន់០,៨៦ក្រាម ទាំងសម្បក, ទូរស័ព្ទដៃចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងកម្លាំងជំនាញកំពុងកសាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕