ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ) កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២២និង៣០នាទី នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យបានឲ្យដឹងថាក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក ASUS ពណ៌ខ្មៅ) កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១និង៤០នាទី នៅចំណុច មុខក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកនាយការិយាល័យបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ មួង សុភាព ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រាំងអង្ក្រង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឆក់) ទី២-ឈ្មោះ វន ពេជ្រ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ តន្ត្រីករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ប្រើប្រាស់គ្រឿងញៀន និងទី៣-ឈ្មោះ ថេត ថៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រើប្រាស់គ្រឿងញៀន។
វត្ថុតាងចាប់យកៈ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ លេខតួ-លេខម៉ាស៊ីន ៩៧៦០៨១២ ពាក់ ស្លាកលេខ ភ្នំពេញ ១GI-៥៨៨២, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ លេខតួ-លេខម៉ាស៊ីន ៥១៦២៦៧៤ ពាក់ស្លាកលេខ កណ្តាល១X-៥៥៧៥។ ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ ទូរសព្ទ័ដៃមួយគ្រឿងម៉ាក ASUS ពណ៌ខ្មៅ ចំនួន១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ៕