ស្លាប់​ពីរ​នាក់​របួសធ្ងន់​ម្នាក់​ដោយ​ជិះ​ម៉ូតូ​វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​

02-February-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​ ៖​ បុរស​ពីរ​នាក់​បាន​ស្លាប់​និង​ម្នាក់​រង​របួសធ្ងន់​ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​បង្ក​ឡើង​ដោយ​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ សេរី​២០១៧​ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​ 1H-5314​ ជិះ​ឌុ​ប​គ្នា​ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ មក​ដល់​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩១-១៩២​ ស្ថិត​នៅ​ភូមិ​កំពែង​ស្វាយ​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ម៉ូតូ​បាន​ឡើង​វ៉ា​រថយន្ត​ ទៅ​បុក​ម៉ូតូ​កង់​បី​ ធ្វើ​ដំណើរ​ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ស្លាប់​នៅ​នឹង​កន្លែង​ រីឯ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ នឹង​រង​របួសធ្ងន់​អ្នក​រួម​ដំណើរ​ម្នាក់​ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​៥៥​នាទី​ ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ពីរ​នាក់​ ជិះ​ម៉ូតូ​ម៉ាក​ខាងលើ​ បោះពួយ​យ៉ាង​លឿន​ មក​ដល់​ចំណុច​កើតហេតុ​ ម៉ូតូ​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ ទៅ​បុក​ម៉ូតូ​កង់​បី​យ៉ាង​ពេញទំហឹង​ ដួល​បោក​ក្បាល​ហូរ​ឈាម​លើ​ផ្លូវថ្នល់​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​អ្នក​ធ្វើ​ដំណើរ​ និង​សមត្ថកិច្ច​ ចុះ​ដល់​កន្លែង​កើតហេតុ​ ។​ 

​ ​លោក​វរសេនីយ៍ត្រី​ ព្រំ​ តូ​រ៉ា​ អធិការរង​ទទួល​បន្ទុក​ការងារ​សណ្តាប់ធ្នាប់​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ទី​១-​ឈ្មោះ​ សៀង​ មាន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​អណ្តូង​សំបួរ​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ បាន​ស្លាប់​នៅ​នឹង​កន្លែង​ ទី​២-​ឈ្មោះ​ គង់​ តុលា​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ស្នាម​ព្រះ​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ ស្លាប់​ខណៈ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​ បាន​ពាក់​កណ្តាលផ្លូវ​ និង​ទី​៣-​ឈ្មោះ​ សឿ​ន​ សុ​ខាន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជា​អ្នក​រួម​ដំណើរ​រស់នៅ​ភូមិ​ស្តុក​ស្វាយ​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ រង​របួសធ្ងន់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​យក​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ដើម្បី​កសាង​សំណុំរឿង​ តាម​នីតិវិធី​។​ លោក​អធិការរង​ បាន​បន្ត​ថា​ ករណី​គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​ កត្តា​ប្រើប្រាស់​ល្បឿន​ ទើប​បណ្តាល​ឲ្យ​គ្រោះថ្នាក់​មកនេះ​ ៕

ចំនួនអ្នកទស្សនា

    20637397

  • ថ្ងៃនេះ341
  • ម្សិលមិញ12921
  • សប្តាហ៍នេះ341
  • ខែនេះ194941
  • ឆ្នាំនេះ194941
  • សរុប20637397