ពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ ដឹកនាំដោយលោក ពេជ្រ ផារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែស្តុក បានចុះបង្ក្រាបឃាត់ត្រាត់ទ័រមួយគ្រឿង ករណីលួចឈួសឆាយដី ព្រៃរនោមក្រោម ក្នុងតំបន់៣ប្រមាណជា២០ហិតា នៅចំណុចបឹងកក់ ស្ថិតក្នុងភូមិក្តីឈ្វិត ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែស្តុក ពេជ្រ ផារី បានឲ្យដឹងថា ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋ ដោយមានជនខិលខូច យកត្រាត់ទ័រទៅឈួសឆាយដី នៅតំបន់៣ ព្រៃរនោមក្រោម ដែលជាតំបន់ហាមឃាត់ ហើយតំបន់នេះជាជម្រកត្រីពង នៅក្នុងរដូវវស្សា ដែលមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ឬបុគ្គលណាមួយយកដីព្រៃក្រោម យកទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
លោកនាយប៉ុស្តិ៍បានបន្តថា ក្រោយពេលបង្ក្រាបសមត្ថកិច្ចបានឃាត់ ត្រាត់ទ័រមួយគ្រឿង និងជនសង្ស័យម្នាក់ឈ្មោះ អ៊ុច ប៊ុនណាត ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិកោះក្រសាំង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កសាងសំណុំរឿង បញ្ជូនមកកាន់ជំនាញជលផលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕