កំពង់ស្ពឺ ៖ នគរបាលជំនាញអធិការដ្ឋានស្រុកសំរោងទងជាមួយកម្លាំងប៉ុស្តិ៍វល្លិសរ បានឃាត់ខ្លួនមុខសញ្ញាចោរកម្មបានម្នាក់ក្រោយធ្វើសកម្មភាពបានរយៈពេល ប្រមាណជិត ៧ម៉ោង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកវរសេនីយឯក ឃុត សុផល អធិការស្រុកបានឲ្យដឹងថាជនសង្ស័យឈ្មោះ ម៉ៅ សុផា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដក់ព ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដកហូតវត្ថុតាងរួមមានៈ ខ្សែដៃ លោហៈធាតុ(មាស) ១ខ្សែទម្ងន់៣ជី ខ្សែដៃលោហៈធាតុផ្លាទីន ១ខ្សែទម្ងន់១,៣ (មួយជីបីហ៊ុន) ខ្សែជើងលោហៈធាតុផ្លាកទីនទម្ងន់ ១,៥(មួយជីកន្លះ) ជញ្ជៀនលោហៈធាតុផ្លាកទីន ១វង់ ទម្ងន់១(មួយជី) ខ្សែកថាប្រាក់ ១ខ្សែ ទូរស័ព្ទដៃចំនួន ២គ្រឿង Iphone ១គ្រឿង និងម៉ាកហូវៃ ១គ្រឿង លុយខ្មែរចំនួន ១០ម៉ឺនរៀល លុយដុល្លារ១២០ដុល្លារ និងឯកសារដីមួយចំនួនទៀត ជារបស់ឈ្មោះ ប៉ោ លីណា ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិដក់ពរ ឃុំវល្លិសរ ជនសង្ស័យចូលធ្វើសកម្មភាពដោយជាប់រូបភាពនៅកាមេរ៉ាសុវត្តិភាព។ ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្ដិនៅផ្ទះឈ្មោះខាងលើពិតប្រាកដមែន។ ចំពោះសម្ភារៈដែលបាត់បង់គឺសមត្ថកិច្ចបានធ្វើការដកហូតពីជនសង្ស័យនិងបានប្រគល់ជូនម្ចាស់វិញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ៕